(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍ លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «ប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍ លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩តទៅ »។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបេីកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង២រសៀលតទៅ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរ ស្ដីពី ការកំណត់នីតិវិធីសម្រាប់បើកផ្ដល់ប្រាក់របបសន្ដិសុខសង្គម រៀងរាល់ពីសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ជូនអតីតមន្ដ្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក។
ការចេញសារាចររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺក្នុងគោលបំណងដើម្បីធានាបើកផ្តល់របបសន្តិសុខសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុកតាមរយៈបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) និងបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់២សប្តាហ៍ម្តង ក្នុង១ខែ នីមួយៗ៕