(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនៅកម្ពុជា Keller Williams Cambodia (KW-កម្ពុជា) បានប្រមូលផ្ដុំអ្នកជំនាញផ្នែកអចលនទ្រព្យ មកពីបណ្ដាប្រទេសផ្សេងបើកវគ្គបណ្ដុះបណ្ដាល ភ្នាក់ងារអចលនទ្រព្យ ជូនដល់សាធារណៈជន។
វគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងដោយ KW-កម្ពុជានេះ ធ្វើឡើងក្រោមការចូលរួមពី អ្នកជំនាញជាច្រើនរូប និងបានចែករំលែងបទពិសោធន៍នានា ដល់សាធារណជនផងដែរ។
លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា «ថ្ងៃនេះជាព្រឹត្តិការណ៍ដំបូងប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន KW-កម្ពុជា និងបានអញ្ជើញវាគ្មិនកិត្តិយសមកពីច្រើនប្រទេស និងច្រើនឧស្សាហកម្មលើវិស័យដីធ្លី រួមមាន៖ វាគ្មិនមកពីសហរដ្ឋអាមេរិក, ភូមា, ស្វីស, ចិន, តៃវ៉ាន់, ហុងកុង និងប្រទេសកម្ពុជាជាច្រើនរូប ដើម្បីចែករំលែកបទពិសោធន៍ លើវិស័យដីធ្លីដល់សាធារណជន»។
លោកបណ្ឌិតបន្ដថា ទោះបីជា KW-កម្ពុជា មិនទាន់បានសម្ភោធជាផ្លូវការនៅកម្ពុជាពិតមែន ប៉ុន្ដែ KW-កម្ពុជា បានពង្រីកខ្លួននឹងឲ្យគេស្គាល់ច្រើន ទោះបីទើបមានវត្តមាននៅកម្ពុជា ត្រឹមតែរយៈពេលខ្លីក៏ដោយ។
ប្រធាន KW-កម្ពុជារូបនេះឲ្យដឹងទៀតថា «ខែមិនាឆ្នាំ២០១៩ខាងមុខនេះ KW-កម្ពុជា នឹងបើកសម្ភោធផ្លូវការនៅកម្ពុជា ហើយការសម្ភោធជាផ្លូវការនេះ នឹងមានការអញ្ជើញចូលរួម ពីម្ចាស់អាជីវកម្ម KW មកពីសហរដ្ឋអាមេរិក និងម្ចាស់អាជីវកម្មមកពីអាស៊ានទាំងអស់ចូលរួម»។
សូមបញ្ជាក់ថា KW-កម្ពុជានេះ ត្រូវបានលោកបណ្ឌិត គីម ហ៊ាង បានចុះហត្ថលេខាទិញសិទ្ធិ Master Franchise ពីក្រុមហ៊ុនអចលនទ្រព្យអាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា។
ការសម្រេចនាំ Franchise ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ពីសហរដ្ឋអាមេរិកមកកម្ពុជានេះ ត្រូវបានលោកបណ្ឌិត គីម ហ៊ាង ធ្លាប់ប្រាប់ឲ្យដឹងថា ដើម្បីជួយឲ្យវិស័យដីធ្លីនៅកម្ពុជា មានកំណើនឆាប់រហ័ស ព្រមទាំងផ្ដល់អត្ថប្រយោជន៍ចំពោះ អ្នកធ្វើការលើវិស័ដីធ្លី, ម្ចាស់ក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕