(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ជាសុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងអាណត្ដិទី១ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ហុង ពីវ ប្រធានកិត្ដិយស និងលោកឧកញ៉ា លី ហួរ ប្រធានសមាគម ដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ធ្វើឲ្យសកម្មភាពក្នុងវិស័យនេះ មានភាពរស់រវើក បង្កើតការងារធ្វើជូនយុវជន និងនាំមកនូវ ផ្លែផ្កា ដល់សេដ្ឋកិច្ចកម្ពុជា គួរឲ្យកត់សម្គាល់។
ការថ្លែងបែបនេះ របស់ឧបនាយករដ្ឋមន្ដ្រី ក្នុងពិធីជប់លៀង ពិសាអាហារ អបអរសាទរមហាសន្និបាត លើទី២ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា ។
ឧបនាយករដ្ឋមន្ដ្រី ជាសុផារ៉ា បានថ្លែងបន្ដថា ត្រឹមរយៈពេល៣ឆ្នាំ នៃអាណត្ដិទី១ ចំនួនសមាជិករបស់សមាគមកើនឡើងជាលំដាប់ពី២២ក្រុមហ៊ុន នៅពេលចាប់បង្កើតដំបូង នៅឆ្នាំ២០១៦ ដល់៥០ក្រុមហ៊ុន នៅឆ្នាំ២០១៨ ដែលនេះបង្ហាញឲ្យឃើញពីភាពជឿទុកចិត្ដរបស់អ្នកវិនិយោគវិស័យអចលនទ្រព្យ ចំពោះសមាគមដែលបានដើរតួនាទីស្នូល ក្នុងការបង្កើនទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យរដ្ឋ លើការងារអភិវឌ្ឍន៍លំនៅឋាន ដោះស្រាយបាននូវកង្វល់ ក៏ដូចជាសំណូមពររបស់សមាជិក ។
ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ដ្រី ជាសុផារ៉ា បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្ដដល់ក្រុមហ៊ុន អភិវឌ្ឍលំនៅឋានផ្សេងទៀត ចូលរួមជាមួយសមាជិកសមាគម ឲ្យបានកាន់តែច្រើន ដើម្បីបន្ដលើកស្ទួយវិស័យអចលនទ្រព្យ នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះ លោកឧកញ៉ា លី ហួរ ដែលត្រូវបានមហាសន្និបាតគាំទ្រ និងបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាថ្មីម្ដងទៀត សម្រាប់អាណត្ដិទី២ និងសូមជូនពរលោកឧកញ៉ា ទទួលបានជោគជ័យក្នុងការដឹកនាំសមាគម ឲ្យកាន់តែរីកចម្រើនបន្ដទៅមុខទៀត» ។
ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា មហាសន្និបាតសមាគមនាពេលនេះ ប្រព្រឹត្ដទៅស្របពេលកម្ពុជា ទើបអបអរសាទរប្រារព្ធខួបដ៏សំខាន់២ ដែលត្រូវចងចាំ និងមិនអាចបំភ្លេចបាននោះ គឺទី១ ខួបអនុស្សាវរីយ៍ លើកទី២០ នៃទិវានយោបាយ ឈ្នះ ឈ្នះ ២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០១៨ ជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ ដែលបាននាំនៅដល់ការរលំរលាយទំាងស្រុង នៃអង្គការចាត់តាំងខាងនយោបាយ និងយោធាចុងក្រោយរបស់ខ្មែរក្រហម និងនាំមកនូវឯកភាពជាតិ ឯកភាពទឹកដី សន្ដិភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយគតិតបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។
ទី២ខួបទី៤០ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) រំលេកនូវជោគជ័យនៃការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដោយកម្លាំងមហាសាមគ្គីជាតិ នៃប្រជាជនយើង ដែលបានក្រោកឈរប្រយុទ្ធដ៏អង់អាចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។
លើសពីនោះ ឧបនាយករដ្ឋមន្ដ្រី ជាសុផារ៉ា បានគូសបញ្ជាក់ថា សន្ដិភាព ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ បានបើកទំព័រប្រវត្ដិសាស្ដ្រថ្មីរបស់កម្ពុជា និងជាមូលដ្ឋានគ្រឹះ សម្រាប់ប្រជាជាតិកម្ពុជា ធ្វើដំណើរលើមាគ៌ាឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវិបុលភាព ចូលរួមចំណែកយ៉ាងធំធេង ក្នុងការរក្សាសន្ដិភាព និងស្ថេរភាពក្នុងតំបន់ និងពិភពលោក ៕