(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានស្នើដល់មន្ដ្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ច នៅក្នុងជួររាជរដ្ឋាភិបាល ដែលមានទម្លាប់មិនល្អ ក្នុងការបំពេញភារកិច្ចការងារ ត្រូវតែកែប្រែទម្លាប់របស់ខ្លួនឡើងវិញ។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ពេជ សោភ័ន អញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤១ អាណត្ដិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្ស ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផល ខាងលើនេះ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យមន្ដ្រីទាំងអស់ ត្រូវតែដូរចេញនូវទម្លាក់មិនល្អរបស់ខ្លួន និងត្រូវមានទម្លាប់ល្អឡើងវិញ ពីព្រោះវា គឺជាប្រយោជន៍របស់ខ្លូនឯង កាលណាយើងមានទម្លាប់ល្អ វានឹងធ្វើឲ្យយើងអាចជោគជ័យក្នុងជីវិត»

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រូបនេះ បានគូសបញ្ជាក់ទៀតថា អ្នកដែលដឹកនាំទាំងអស់ ត្រូវតែបង្កើតទម្លាប់មួយ នៅក្នុងអង្គភាពរបស់ខ្លួន ក្នុងការបង្កើតនូវវប្បធម៌មួយ ដើម្បីសហប្រតិបត្ដិការ ជាមួយគ្នា និងអាចជួយគ្នាទៅវិញទៅមក ពីព្រោះថា ការធ្វើបែបនេះ វានឹងធ្វើឲ្យស្ថាប័ននោះ រីកចម្រើនកាន់តែខ្លាំង។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ពេជ សោភ័ន ក៏បានឲ្យដឹងថា សព្វថ្ងៃនេះ សង្គ្រាមប្រដាប់អាវុធ វានឹងមិនអាចកើតមានឡើងទេ ប៉ុន្ដែសព្វថ្ងៃនេះ ក្នុងសង្គមបច្ចុប្បន្ន គឺមានសង្គ្រាមចិត្ដសាស្ដ្រ (សង្គ្រាមពាក្យសម្ដី) ដែលវាមានឥទ្ធិពលខ្លាំងជាង សង្គ្រាមប្រដាប់អាវុធទៅទៀត។

លោកបន្ដថា «សង្គ្រាមចិត្ដសាស្ដ្រ គឺពិសពុល ជាងសង្គ្រាមប្រដាប់អាវុធទៅទៀត ពីព្រោះថា សង្គ្រាមប្រដាប់អាវុធ លុះត្រាតែគេឃើញ ទើបគេការពារ ប៉ុន្ដែសង្គ្រាមចិត្ដសាស្ដ្រ គឺគ្មានព្រំប្រទល់នោះទេ ហើយវានឹងធ្វើ ឲ្យមនុស្សទាំងអស់ ទទួលផលអវិជ្ជមាន»

លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា ប្រទេសកម្ពុជា បច្ចុប្បន្ននេះ ក្នុងបណ្ដាញសង្គម Facebook មានសង្គ្រាមចិត្ដសាស្ដ្រ (សង្គ្រាមពាក្យសម្ដី) បានផ្ដល់ផលអវិជ្ជមានជាច្រើន មកដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន ដូច្នេះយើងទាំងអស់គ្នា ត្រូវតែមានភារកិច្ចទទួលខុសត្រូវ នៅការងារនេះ៕