(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក នាយការិយាល័យ ប៊ុន សត្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោយពីកម្លាំងជំនាញការិយាល័យរបស់លោក បានដេញតាមបង្ក្រាបពួកគេ ដែលបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះជាស្ត្រីម្នាក់បានសម្រេច នៅចំណុចខាងមុខផ្ទះលេខ៨១ ផ្លូវលេខ២៤៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយព្យាយាមរត់គេចខ្លួនរហូតមកដល់ចំណុចក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទើបឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។
បើតាមលោក ប៊ុន សត្យា នៅក្នុងការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ កម្លាំងការិយាល័យជំនាញ បានចាប់យកវត្ថុតាងមួយចំនួនដូចជា ម៉ូតូម៉ាក Honda C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1HF-9681 មួយគ្រឿង, កាបូបយួរដៃម៉ាក PRADA ពណ៌ខ្មៅ ចំនួន០១, ទូរសព្ទ័ដៃ ចំនួន០២គ្រឿង ម៉ាក iPhone 6 Plus ពណ៌ទឹកប្រាក់ និងម៉ាក NOKIA ពណ៌ខៀវ១គ្រឿងទៀត, ប្រាក់ដុល្លារចំនួន១៩ដុល្លារអាមេរិក, ប្រាក់រៀលចំនួន១៥,០០០រៀល រួមជាមួយគ្រឿងអលង្កាធ្វើពីលោហធាតុ ពណ៌លឿងស្លេក (កាឡៃ) មួយចំនួន មានទាំងចិញ្ចៀន, ខ្សែក និងខ្សែដៃដាំត្បូងចំរុះពណ៌។
នាយការិយាល័យរូបនេះថា ជនសង្ស័យដែលឃាត់ខ្លួន បានក្នុងសកម្មភាពឆក់កាបូប ជាអំពើលួចមានស្ថានទម្ងន់ទោសមានឈ្មោះ សួស ឡុង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខមិនចាំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ គឹម បញ្ញា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ឯជនរងគ្រោះឈ្មោះ លឹម អេង ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៥ ផ្លូវលេខ៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ៕