(ភ្នំពេញ)៖ អ្វីដែលជាក្តីសុបិន្តរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ បានក្លាយជាការពិត១០០ភាគរយហើយ នោះគឺបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់មិនរៀបរយនេះចំនួន១៥៣គ្រួសារ បានទទួលប្លង់ដីកម្មសិទ្ធិមាត់ប្រឡាយស្របច្បាប់ ក្នុងចំណោមប្រជាពរដ្ឋ ជាង៥០០គ្រួសារទៀត ដែលនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់ទៀត។
ពិធីប្រគល់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ក្រោមមានវត្តលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ និងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។
គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១,៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុប ប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានី បានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយនេះ១៥៣គ្រួសារ រួចហើយដែរ កាលពីប៉ុន្មានខែមុននេះ។
ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅកន្លែងតែម្តង។
សូមជម្រាបថា ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទម្លាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យ មានទំហំ៨ម៉ែត្រចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុង ទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕