(តាកែវ)៖ បន្ទាប់ពីមើលឃើញពីភាពខ្វះខាតសម្ភារសិក្សា របស់សិស្សានុសិស្សដែលសិក្សានៅក្នុង សាលាបឋមសិក្សាស្រម៉រ ខេត្តតាកែវ មូលនិធិ នរោត្តម បុប្ផាទេវី និងក្រុមហ៊ុន លីលី ឆ្នោតផ្សងសំណាង បាននាំមូលនិធិទៅចែកជូនដល់សិស្សានុសិស្ស។
ការឧបត្ថម្ភសម្ភារសិក្សាដល់សិស្សនេះ គឺ ជាការរួមចំណែកមួយក្នុងការជួយដល់ពួកគាត់ ដែលកំពុងប្រឈមការខ្វះខាត ទៅលើសម្ភារសិក្សា។
លោកស្រី អេកូលី អគ្គនាយករងមូលនិធិ នរោត្តម បុប្ផាទេវី ឲ្យដឹងក្នុងពិធីចែកសម្ភារសិក្សា និងថវិកាដល់សិស្សានុសិស្សចំនួន៤៤០នាក់ និងលោកគ្រូ-អ្នកគ្រូចំនួន២៦នាក់ ដែលសិ្ថតនៅក្នុងសាលាបឋមសិក្សាស្រម៉រ ក្នុងភូមិខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ថា
គោលគំនិតដំបូងរបស់មូលនិធិ គឺជួយគាំទ្រ និងលើកស្ទួយរបាំបុរាណ ដោយសារវាមានសារៈសំខាន់ ចំពោះអត្តសញ្ញាណជាតិ។
លោកស្រីបន្ដថា បន្ទាប់ពីមានការសហការឧបត្ថម្ភថវិកា ពីក្រុមហ៊ុនឆ្នោតសប្បុរសធម៌ លីលី ដែលទើបចាប់ផ្ដើមដំណើរការលក់លើទីផ្សារកម្ពុជា និងមើលឃើញថា កុមារកម្ពុជាត្រូវការចំណេះដឹងបន្ថែមនោះ មូលនិធិបានពង្រីកការគាំទ្រដល់ការអប់រំ និងការថែទាំសុខមាលភាពដល់កុមារ ដោយបានចែកនូវសម្ភារសិក្សា ជាច្រើនដល់សិស្សានុសិស្ស។
លោកស្រីបញ្ជាក់ថា ស្ថាបនិកមូលនិធិចង់ឃើញកុមារកម្ពុជាទាំងអស់ មានអនាគតល្អ និងប្រកបដោយចំណេះដឹង និងក្លាយជាធនធានដ៏ល្អមួយក្នុងសង្គមជាតិ។ ដោយឡែកសម្រាប់ ការគាំទ្ររបស់មូលនិធិ នឹងជួយឲ្យពួកគេផ្តោតលើការសិក្សាពេញលេញ និងបោះជំហានទៅរកអនាគតត្រចេះត្រចង់ ព្រមទាំងជួយបង្កើនធនធាន ដល់ល្អក្នុងសង្គមជាតិ។
ក្នុងនោះអគ្គនាយករងមូលនិធិ នរោត្តម បុប្ផាទេវី បានថ្លែងអំណរគុណដល់ដៃគូរគាំទ្រដល់ សកម្មភាពមូលនិធិសម្រាប់ ជាជំនួយរបស់ក្រុមហ៊ុនឆ្នោតសប្បុរសធម៌ លីលី សម្រាប់ការគាំទ្រចាប់តាំងពីថ្ងៃដំបូង រហូតដល់បច្ចុប្បន្ន៕