(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ, លោក យី វណ្ណៈ អភិបាលរងស្រុកកំពង់សៀម និងលោក លី សុវណ្ណ អភិបាលរងក្រុងកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យកាងារ និងបញ្ហាប្រឈម នៃប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម, ក្រុងកំពង់ចាម និងស្រុកព្រៃឈរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
អញ្ជើញចូលរួមក្នុងកម្មវិធីប្រជុំនេះដែររួមមាន លោកស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការ អធិការរងទាំងពីរស្រុក-ក្រុង លោកនាយ នាយរងផ្នែកទាំងពីរស្រុក-ក្រុង លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរស្រុក-ក្រុង និងមន្ត្រីចំណុះនៃអធិការដ្ឋានទាំងអស់ផងដែរ។
ជាកិច្ចដំបូង លោកឧត្តមសេនីយ៍ស្នងការ បានបើកកិច្ចប្រជុំពិភាក្សាពង្រឹងលើការងារជំនាញ បញ្ហាប្រឈម ការងារដែលនៅសេសសល់ និងការងារពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋានរវាងនាយប៉ុស្ដិ៍ អធិការរងទទួលការងារជំនាញ បន្តមកទៀតលោកអភិបាលរងស្រុក-ក្រុងទាំងពីរ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ក៏ដូចជាការកោតសរសើរដល់មន្រ្តីនគរនគរបាល ដែលបានខិតខំប្រឹងប្រែងបង្ការ ទប់ស្តាតរាល់បទល្មើស ដែលកើតមានឡើង និងមានការសហការល្អ រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល មានមតិណែនាំ និងផ្តាំផ្ញើដល់លោកអធិការ អធិការរង នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីទាំងពីរស្រុក-ក្រុង ត្រូវយកចិត្តទុកដាក់ និងមានវិធានការបន្ថែមដើម្បីបង្ការ ទប់ស្កាតរាល់បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងក្នុងមូលដ្ឋាន ត្រូវមានការសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសត្រូវធ្វើការងារបម្រើសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យទាន់ពេលវេលា ដែលអាចធ្វើទៅបាន និងត្រូវអនុវត្តការងារនគរបាល និងសហគមន៍ ឲ្យមានប្រសិទ្ធភាពខ្ពស់សូមយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ឲ្យបានជោគជ័យ ត្រូវធ្វើជាមន្ត្រីជើងពីរ កុំធ្វើជាមន្ត្រីជើងដប់៕