(ភ្នំពេញ)៖ អគ្គិភ័យកំណាចមួយ បានលេបត្របាក់យកផ្ទះមួយកន្លែង ដោយទាំងជីវិតស្ត្រីជាប្រពន្ធឱ្យរសាត់ទៅកាន់បរិលោក បន្សល់នូវក្ដីវិប្បយោគធ្លាក់លើបុរសជាប្ដី និងកូនៗរហង់ក្នុងសំបុក។ គ្រោះអគ្គីភ័យនេះ បានកើតឡើងវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សពស្ត្រីរងគ្រោះមានឈ្មោះ តាំង លាងអ៉ី អាយុ៣៦ឆ្នាំ មុខរបរជាអាជីវករលក់កាបូប នៅផ្សារឈូកមាស ចំណែកបុរសប្ដីមានឈ្មោះ ជ្រុន សិដា អាយុ៤២ឆ្នាំ។
បុរសជាប្ដីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុប្រពន្ធរបស់គាត់មិនស្រួលខ្លួន ហើយបានលេបថ្នាំ ដើម្បីសម្រាក បន្ទាប់ពីមកពីលក់ដូរនៅផ្សារវិញ ហើយគាត់ក៏មិនហ៊ានរំខានដែរ ក៏នាំកូនៗរបស់គាត់ទៅគេងនៅបន្ទប់ផ្សេងពីប្រពន្ធ។
លុះដល់ម៉ោងជាងមួយ១រំលងអធ្រាត្រ បុរសជាប្ដីបានឮសំឡេងដូចមានវត្ថុអី្វធ្លាក់ ហើយធំក្លិនឈ្ងៀមទៀត ភ្លាមនោះគាត់ក៏បានដើរចុះមកមើល ស្រាប់តែឃើញបន្ទប់ប្រពន្ធរបស់គាត់ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ គាត់ក៏បានស្រែកឲ្យគេជួយដែរ ប៉ុន្ដែមិនអាចជួយបានទេ ដោយសារតែទ្វារជាប់គន្លឹះមិនអាចដោះបាន រហូតជិតមួយម៉ោងក្រោយមក ទើបអាចដោះសោចូលបាន តែជាអកុសលប្រពន្ធរបស់គាត់ត្រូវបានអណ្ដាតភ្លើងឆាបឆេះស្លាប់ខ្លោចមួយកំណាត់ខ្លួនបាត់ទៅហើយ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើកោសលវិច័យ សាកសួរ និងស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះនេះ ទើបដឹងថាគ្រោះអគ្គិភ័យនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង៕