(ភ្នំពេញ)៖ មេខ្លោងជាឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីអ្នកទោសគ្រឿងញៀនរូបនេះ រត់គេចខ្លួនពីសំណាញ់ច្បាប់អស់ជាង៤ឆ្នាំ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះអំពីការឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀននេះថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ចាប់បានជនល្មើស៤នាក់ (ស្រី១នាក់) ដកហូតបានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ជាង៥៤គីឡូក្រាម។ ប៉ុន្តែមេខ្លោង ឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួនទៅប្រទេសឡាវ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញសាលក្រមលេខ ៩៧ ហ ក្រ៥ សំរេចផ្ដន្ទាទោសជនល្មើសទាំង២នាក់ និងផ្ដន្ទាទោស ឈ្មោះ ដាំ ញ៉ា (មេខ្លោង គេចខ្លូន) ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៦០លានរៀល។
នាយឧត្តមសេនីយ៍បន្តថា នៅម៉ោង៤៖១៥នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវចាប់បានឈ្មោះ ដាំ ញ៉ា នៅចំណុចស្ប៉ាម៉ាស្សា សង់អេលីហ្ស៊េ តាមផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ និងដំណើរការតាមនីតិវិធី៕