(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកសំណើចំនួន៨ចំណុច ទៅកាន់អ្នកព័ត៌មានឲ្យយកចិត្តទុកដាក់កែលំអរបន្ថែម ក្នុងបំណងលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។
សំណើទាំង៨ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងជំនួយលើកទី៣ ជាមួយអ្នកព័ត៌មានថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះរួមមាន៖
១៖ ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ និងកុំធ្វើជាកញ្ចក់បែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
២៖ ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិតដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាបអំពីទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ គឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍ឲ្យមានប្រសិទ្ធភាព។
៣៖ ស្នើឲ្យអ្នកសារព័ត៌មានចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ហើយក៏មិនមែនរិះគន់ ដើម្បីតែជាន់ពន្លិចនោះទេ។
៤៖ សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជា។ ដូច្នេះកម្ពុជាត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។
៥៖ សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ។ ពិសេសសម្តេចតេជោបានសំណូមពរ ដល់អ្នកប្រប្រាស់បណ្តាញសង្គម ហ្វេសបុគ (Facebook) សូមកុំឲ្យមានការជេរប្រមាថ ហែកកេរ្តិ៍ខ្មាស់គ្នា ដែលនាំឲ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។ សម្តេចឲ្យអ្នកលេង Facebook រក្សាតំលៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។
៦៖ ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន «ម៉ាហ្វីយ៉ា»។
៧៖ កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។
៨៖ ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេសត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាបន័ជំនាញ សកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើម ដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត៕
ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជិត៥ពាន់នាក់ នៅកោះពេជ្រ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩៖