(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ស្ដង់ដារអន្ដរជាតិរួម ប្រើបានតែវិស័យកីឡាប៉ុណ្ណោះ សម្រាប់ផ្នែកព័ត៌មាន និងនយោបាយ គ្មានស្ដង់ដារអន្ដរជាតិដែលត្រូវអនុវត្តដូចគ្នានោះទេ ព្រោះនេះជាការអនុវត្តរបស់បណ្ដាប្រទេសរៀងៗខ្លួន។
ក្នុងជំនួបលើកទី៣ រវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ក៏បានលើកឡើងដោយមិនយល់ស្របចំពោះគំនិតចង់មានស្តង់ដារអន្តរជាតិ លើផ្នែកព័ត៌មាននោះឡើយ ព្រោះចំណុចនេះវាមិនសបស្របនោះឡើយ ពោលមានតែកីឡាប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យអ្នកព័ត៌មានចូលរួមវិភាគទានក្នុងការវិភាគលើកម្រិតយុទ្ធសាស្ត្រទាំងក្នុងប្រទេស តំបន់និងអន្តរជាតិ។ ខ្ញុំបានមើលវេទិការតុមូលមួយ ហើយខ្ញុំមិនយល់ស្របចំពោះគំនិតចង់មានស្តង់ដារអន្តរជាតិ លើផ្នែកព័ត៌មាននោះឡើយ ព្រោះមានតែវិស័យកីឡាប៉ុណ្ណោះ ទើបមានស្តង់ដារអន្តរជាតិ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ប្រសិនមានការអនុវត្ដនូវស្ដង់ដារអន្ដរជាតិរួម សម្រាប់ផ្នែកនយោបាយនោះ វាច្បាស់ណាស់ថា មិនអាចទៅរួចឡើយ ពោលនៅលើពិភពលោក ប្រទេសទាំងអស់អនុវត្តនូវគោលនយោបាយផ្សេងគ្នា ម្ល៉េះប្រទេសខ្លះមានប្រធានាធិបតេយ្យ ប្រទេសខ្លះមាននាយករដ្ឋមន្ដ្រី ហើយប្រទេសខ្លះអនុវត្តនយោបាយសេរី និងប្រទេសខ្លះអនុវត្ត នយោបាយកម្មុយនីស។
សម្រាប់វិស័យព័ត៌មាននៅកម្ពុជាវិញ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ណែនាំចង់ឲ្យអ្នកព័ត៌មានចូលរួមវិភាគទាន ក្នុងការវិភាគលើកម្រិតយុទ្ធសាស្ត្រទាំងក្នុងប្រទេសតំបន់ និងអន្តរជាតិ ដូចដែលសម្ដេចចង់ឲ្យតាមសាកលវិទ្យាល័យនៅកម្ពុជាចូលរួមក្នុងបញ្ហានេះផងដែរ។
បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សូមឲ្យអ្នកព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ ព្រោះនៅកម្ពុជាព័ត៌មានក្លែងក្លាយកំពុងកើតមានច្រើន ហើយដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក៕