(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។
ការសម្រេចយ៉ាង ដូច្នេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅក្នុងការនាំចេញ នាំចូល និងដោះស្រាយការកាត់បន្ថយតម្លៃដើម ចំពោះការនាំចេញ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជួបសំណេះសំណាលអ្នកសារព័ត៌មានប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នា២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មុនមកទីនេះខ្ញុំបានធ្វើរឿងមួយគឺ សម្រួលតាមច្រកព្រំដែន គឺតាមច្រកព្រំដែន ទុកឲ្យមានស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះចំណែកស្ថាប័នផ្សេងៗត្រូវជម្រុះចោល»។
ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាគ្មានការអនុគ្រោះពន្ធទំនិញពីអឺរ៉ុប ក៏កម្ពុជាមិនស្លាប់នោះដែរ៕