(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើយ៉ាងទទូចចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ សូមបញ្ឈប់ការតិះដៀល ឬជេរប្រមាថគ្នាតទៅទៀត ពិសេសសូមកុំធ្វើជាចៅក្រមកាត់ក្ដីទាំងនៅលើការផ្សព្វផ្សាយព័ត៌មាន និងនៅលើ Facebook។

ការស្នើបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជិត ៥ពាន់នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឲ្យអ្នកលេង Facebook ទាំងអស់គ្នា សូមកុំជេរបញ្ចោរយ៉ាងអសុរោះតាម Facebook តទៅទៀត។ តើវាមានប្រយោជន៍ស្អី?»

សម្តេចបានលើកឡើងថា អ្នកខ្លះយករឿងអាស្រូវរបស់ខ្លួនឯង គ្រួសារខ្លួនឯងមកបកស្រាយនៅលើសង្គម Facebook ប្រាប់គេឯងជាសាធារណៈ ដែលជាហេតុមិនគប្បីនៅក្នុងសង្គម និងជាក្ដីអាម៉ាស់ចំពោះខ្លួនឯង និងអ្នកដទៃទៀតផង។

សម្តេចបានបញ្ជាក់ទៀតថា សម្តេចនឹងតាមដានមើលអ្នកដែលនៅតែបន្តការជេរប្រមាថគ្នានៅលើ Facebook ជាប្រចាំ ដើម្បីឲ្យដឹងថាពួកគេអនុវត្តតាមប្រសាសន៍របស់សម្តេចឬក៏អត់។

ម្យ៉ាងទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បានហាមប្រាមដល់អ្នកផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងឡាយផងដែរ សូមកុំធ្វើជាសាស្ត្រាចារ្យបកស្រាយ វិភាគបញ្ហា ឬតាំងខ្លួនជាចៅក្រម ឬតុលាការកាត់ក្ដីរឿងនានាដែលនាំទៅដល់ការយល់ច្រឡំ ឬបង្កជាបញ្ហាវែងឆ្ងាយតទៅទៀត។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទទូចដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានផងដែរថា ក៏សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដែលមានចរិតជេរប្រមាថ ត្មិះដៀលគ្នាទៅវិញទៅមក ពីព្រោះវាគ្មានផលចំណេញចំពោះប្រព័ន្ធផ្សព្វផ្សាយនោះឡើយ៕