(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បាននាំថវិកា ចំនួន៨លានរៀល យកទៅប្រគេនព្រះចៅអធិការវត្តគង់វង់រង្សី ហៅវត្ត «កោះកុក» ដើម្បីសាងសង់បង្ហើយដំបូលសាលាឆាន់ ដែលកំពុងសាងសង់ថ្មី ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាកោះកុក ស្ថិតក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីសាលាឆាន់ចាស់បានបាក់ស្រុតចូលក្នុងទឹកទន្លេកាលពីរដូវទឹកជំនន់នាពេលកន្លងទៅនេះ។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត បានឱ្យដឹងថាក្រោយពីមានការបាក់ស្រុតវត្តកោះកុកចាស់ចូលក្នុងទន្លេនារដូវទឹកជំនន់នាពេលកន្លងមកនេះ លោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម បានទិញដីប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀមមានទទឹង១៥០ម៉ែត្រ បណ្ដោយ១១៥ម៉ែត្រ ដើម្បីធ្វើជាទីតាំងថ្មី សម្រាប់កសាងវត្តកោះកុកឡើងវិញ ដោយចាប់ផ្ដើមសាងសង់ពីសាលាឆាន់ទៅមុន ដោយឡែកព្រះវិហារ និងរៀបចំសាងសង់តាមក្រោយ។
លោក ស្រី សុភ័ក្រ្ត ការរៀបចំកសាងវត្តកោះកុកឡើងវិញនេះ គឺមានអាចារ្យគណៈកម្មការ និងព្រះសង្ឃនៅដដែលមិនមានការប្រែប្រួលឡើយ ហើយទីតាំងថ្មី ស្ថិតនៅក្នុងភូមិឃុំដដែលផងដែរ។
លោក គួច ចំរើន បានថ្លែងថា ក្រោយពេលលោកបានឃើញនៅក្នុងរបាយការណ៍ថាលោកលន់ លឹមថៃ អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម បានរៀបចំកសាងវត្តកោះកុកនេះឡើងវិញ ក្រោយពីទីតាំងវត្តកោះកុកចាស់ បានបាក់ធ្លាក់ចូលទន្លេមេគង្គកាលពីរដូវទឹកជំនន់ នាពេលកន្លងទៅ ហើយក្នុងនោះ លោកក៏បានដឹងថាការសាងសង់សាលាឆាន់ថ្មី មានការខ្វះខាតនៅចំនុចដំបូល ដែលត្រូវចំណាយថវិកាចំនួន ៨លានរៀល ទើបនៅរសៀលថ្ងៃនេះ ស្របជាមួយនឹងពេលវេលាដ៏សមគួរ លោកបាននាំបច្ច័យជាថវិកាចំនួន៨លានរៀលនេះ យកមកប្រគេនព្រះចៅអធិការវត្ត ដើម្បីធ្វើការសាងសង់បង្ហើយនូវដំបូលសាលាឆាន់នេះ ដើម្បីជាកុសលផលបុណ្យផង និងជាការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា ផងដែរ៕