(បាត់ដំបង)៖ ក្រុមហ៊ុនបៃតង (កម្ពុជា) ភីអិលស៊ី ដែលមានលោកឧកញ៉ា ភួ ពុយ ជាប្រធានក្រុមហ៊ុន បានជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករនាំចេញច្រើនជាងគេ នៅកម្ពុជា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។
ក្រុមហ៊ុនបៃតង ដែលមានរោងចក្រខ្នាតធំ ទំនើប និងមានសមត្ថភាពផលិតបានច្រើនជាងគេ ស្ថិតក្នុងខេត្តបាត់ដំបង ដោយចាប់ផ្តើមផលិត កែច្នៃ និងនាំចេញអង្ករផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១០ មកទល់បច្ចុប្បន្ន។
គិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចេញអង្ករទៅកាន់៣៤ប្រទេស នៅលើពិភពលោកដោយទទួលបាននូវការគាំទ្រ និងទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជនជាដៃគូរផងដែរ។
ក្រុមហ៊ុនបៃតងកម្ពុជា ជាក្រុមហ៊ុនដែលមាន មូលដ្ឋានគ្រឹះជាក់លាក់ក្នុងការផលិតអង្ករនាំចេញ មានគុណភាពខ្ពស់ និងបរិមាណធំ ដោយផ្អែកលើមូលដ្ឋានផលិត និង ឧបករណ៍ឡសម្ងួត កិន-កែច្នៃ មានលក្ខណ:ខ្នាតស្តង់ដារ។ ក្រុមហ៊ុនបៃតងមានឃ្លាំងស្តុក ម៉ាស៊ីនសម្ងួត ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនកែច្នៃដែលមានសមត្ថភាពផលិតធំជាងគេនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៨ មក ក្រុមហ៊ុនបានបង្កើតសហគមន៍កសិករ «សហគមន៍បៃតង» នៅតាមបណ្ដាភូមិ-ឃុំ-ស្រុក ក្នុងខេត្តបាត់ដំបង ពោធិសាត់ និងខេត្តបន្ទាយមានជ័យ។ តាមរយ:ការបង្កើតសហគមន៍បៃតងនេះ សមាជិកសហគមន៍ទាំងអស់ដែលជាប្រជាកសិករមូលដ្ឋាន មានការពេញចិត្ត និងគាំទ្រជាខ្លាំង ដែលក្រុមហ៊ុនបៃតងរបស់លោកឧកញ៉ា ភួ ពុយ បានជួយដោះស្រាយលើបញ្ហាសំខាន់ៗជាច្រើន ពិសេសបញ្ហាទីផ្សារ និងតម្លៃ។
ក្រុមហ៊ុនបៃតង បានបង្កើតនូវទីផ្សារប្រមូលទិញពីសមាជិកសហគមន៍មូលដ្ឋាន រក្សាបាននូវលំនឹងនៃតម្រូវការទីផ្សារស្រូវ ក៏ដូចជាតម្លៃល្អសមរម្យ សម្រាប់ប្រជាកសិករទទួលយកបាន។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុនបៃតង ក៏ទទួលបាននូវពានរង្វាន់ «អ្នកផលិតស្រូវ-អង្ករ ឆ្នើមបំផុត» ផងដែរ។៕