(បាត់ដំបង)៖ សារមន្ទីរ និងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីធ្វើការជួសជុលក្រោមការជួយឧបត្ថម្ភពីសំណាក់អង្គការ មិត្តវប្បធម៌ខ្មែរ FOKCI ដែលចំណាយថវិកា ជាង២៧ម៉ឺនដុល្លារ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សារមន្ទីរ និងសាលតាំងពិព័រណ៍វត្ថុបុរាណនេះ ស្ថិតក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរលោក ងួន រតនៈ អភិបាលខេត្ត, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង។ ពិធីមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត សិស្សនិស្សិត មន្រ្តីុមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តជាច្រើនរូបទៀត។

លោកស្រី ភឿង សកុណា បានថ្លែងថា សារមន្ទីរ និងសាលតាំងពិព័រណ៍ខេត្តបាត់ដំបង គឺជាលក្ខណៈធំទូលាយលំដាប់ទី២ បន្ទាប់ពីសារមន្ទីរ នៅភ្នំពេញមក។

លោកស្រីបានបន្តថា រូបសំណាក់នានា ដែលបានដាក់តាំង និងជាប្រវត្តិសាស្រ្តជាតិ នៅខេត្តបាត់ដំបង គឺជាបុរេប្រវត្តិនៃវប្បធម៌ខ្មែរ យើងទាំងអស់គ្នាត្រូវស្គាល់ និងនាំគ្នាថែរក្សាវត្ថុបុរាណតាំងនៅវត្ថុបុរាណ សម្បត្តិជាតិដែលបានបន្សល់ទុកពីដូនតាយើងជំនាន់មុនមក ។

លោកស្រីដ្ឋមន្រ្តី​បានបញ្ជាក់ថា បើនិយាយពីជំនឿបុរាណកាលបានពោលថា ជនណាបានចូលថែរក្សាវត្ថុរាណ និងសម្បត្តិវប្បធម៌ខ្មែរ គឺបានបុណ្យកុសលច្រើន តែបើជនណាមកបំផ្លាញសម្បត្តិវប្បធម៌បុរាណខ្មែរជននោះនឹងទទួលអំពើបាបដ៏ធ្ងន់ធ្ងរ។ សារមន្ទីរនេះទំ រាំបានកសាង និងជួសជុលហើយត្រូវបានចំណាយពេលវេលា និងថវិកា ដែលមានមិត្តបរទេសជាអង្គការ មិត្តវប្បធម៌ខ្មែរ FOKCI បានជួយជាថវិកាអស់ជាង២៧ម៉ឺនដុល្លា ហើយសារមន្ទីរនេះ មិនមែនជារបស់អ្នកណាម្នាក់នោះទេ គឺជាសម្បត្តិវប្បធម៌ជាតិយើងទាំងអស់គ្នា៕

ជាមួយគ្នានេះដែរលោកស្រី Helen Jesup ប្រធានអង្គការ មិត្តវប្បធម៌ខ្មែរ FOKCI បានឡើងអានសន្ទរកថា ដោយបានបញ្ជាក់ថា អង្គការលោកស្រីបានឧត្ដមគាំទ្រក្នុងការជួសជុលលើវិស័យសារមន្ទីរនានាកន្លងមក ជាក់ស្តែងក៏ដូចជាសារមន្ទីរខេត្តបាត់ដំបង ផងដែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែររហូតមក និងជួយឧត្ថមគាំទ្រវិស័យវប្បធម៌ខ្មែរបន្តទៀត។

លោក ងួន រតនៈ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមក្រុមប្រឹក្សាខេត្តសូមចូលរួមអបអរសាទរ និងគាំទ្រទាំងស្រុងលើវិស័យវប្បធម៌ខ្មែរ យើងនេះ។

លោកបានបញ្ជាក់ថា សារមន្ទីរ គឺជាកន្លែងរក្សាទុកនូវវត្ថុបុរាណ សម្បត្តិវប្បធម៌ជាតិ ហើយក៏ជាទីកន្លែងមួយសម្រាប់ទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិបានមកចូលទស្សនា និងស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ដែលល្បីល្បាញលើឆាកជាតិ និងលើឆាកអន្តរជាតិ និងជាប្រវត្តិសាស្រ្តខ្មែរផងដែរ៕