(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស​សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស លើកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ​ និងការងារវិស្វកម្ម​កងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់បងប្អូនកងកម្លាំងដោះមីនរបស់ CMAC ក្នុងពេលប្រតិបត្តិការការងារ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ដោយសារការដោះមីន ដោយការធ្វេសប្រហែសណាមួយ។

ការក្រើនរំលឹករបស់ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលទេសរដ្ឋមន្ត្រី ដោយមានការអមដំណើរដោយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC រួមនឹងមន្ត្រីជំនាញដោះមីន និងនាយទាហានជាន់ខ្ពស់ ក្នុងជួរកងយោធពលខេមរភូមិន្ទជាច្រើនរូប បានចុះជួបសំណេះសំណាលជាមួយកងកម្លាំង CMAC និងពិនិត្យមើលសកម្មភាពបោសសំអាតមីន របស់កងកម្លាំងប្រតិបត្តិការ បោសសំអាតមីនទី១ CMAC ដែលកំពុងធ្វើសកម្មភាពបោស សំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រ ភូមិខ្លាងាប់ ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមកិច្ចគាំទ្រនៃជំនួយមនុស្សធម៌ របស់អង្គការ gmac ជប៉ុន។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្រ្តី មាស សុភា ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរ ដល់អង្គការ gmac ជប៉ុន ដែលរហូតមកបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីសម្ភារថវិកា ជាលក្ខណៈមនុស្សធម៌ ជួយដល់សកម្មភាពបោសសំអាតមីន រំដោះដីធ្លីជូនប្រជាជនកម្ពុជា ព្រមទាំងបានជួយអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីភាពគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនេះ គឺជាការរួមចំណែកមួយក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ដោយសារសង្គ្រាម គឺបានបន្សល់គ្រាប់មីនគ្រប់ប្រភេទនៅក្នុងដីជាច្រើន ដែលបង្កហានិភ័យដល់អាយុជីវិតប្រជាជន។

លោក សំ វីរៈ ប្រធានកងឯកភាពបោសសំអាតមីនទី១ របស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC ប្រចាំខេត្តបន្ទាយជ័យ បានថ្លែងថា កងកម្លាំងបោសសំអាតមីនទី១ CMAC បាននឹងកំពុងប្រតិបត្តិការរុករកគ្រាប់មីន នឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។ នៅទូទាំងខេត្តបន្ទាយជ័យ មានចំការមីនសរុប៣៩២២កន្លែង មានផ្ទៃដី ២៥២៤២ហិចតា ចំការមីន ដែលបោសសំអាត រួចសរុប ២៣៣៥កន្លែង ស្មើរនឹងផ្ទៃដី១១៦៧៨ហិចតា យើងនៅសល់ចំការមីនចំនួន ១៥៨៧កន្លែង ស្មើរនឹងផ្ទៃដីទំហំ ១៣៥៦៤ហិចតាទៀត ដែលត្រូវបន្តបោសសំអាត និងរុករកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលភាគច្រើនសំបូរមានច្រើន ក្នុងភូមិសាស្ត្រតំបន់ព្រំដែន ដែលរួមមានក្នុងស្រុកម៉ាឡៃ, ស្រុកអូជ្រៅ, ក្រុងប៉ោយប៉ែត្រ, ស្រុកស្វាយចេក, ថ្មពួក, ភ្នំស្រុក, ព្រះនេតព្រះ និងស្រុកបន្ទាយអំពិល។

ដោយឡែកនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅមានសភាពស្មុកស្មាញជាងគេ ដោយសារតំបន់នេះ សំបូរព្រៃឬស្សី។

លោក សំ វីរៈ ក៏នបញ្ជាក់ដែរថា ដោយសារក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីអតីតកាលក្នុងសម័យសង្គ្រាមត្រីភាគី តំបន់នេះជាតំបន់ សមរភូមិក្តៅនៃជម្លោះប្រដាប់អាវុធរវាងខ្មែរ និងខ្មែរ បានធ្វើឱ្យតំបន់នេះ​មានគ្រាប់មីនប្រឆាំងមនុស្ស និងប្រឆាំងរថក្រោះ រួមនឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកប់រាយប៉ាយ ក្នុងដីដែលជាប្រការបង្កហានិភ័យដល់ប្រជាជនយើង ។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកំចាត់មីន ក្នុងភូមិសាស្ត្រឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាពេលនោះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានកោតសរសើរចំពោះស្មារតី និការលះបង់ខ្ពស់ ប្រកបដោយភាពគ្រោះថ្នាក់របស់កងកម្លាំងបោសសំអាតមីនទី១ CMAC ក្នុងតំបន់ស្រុកម៉ាឡៃ ដើម្បីរំដោះដីធ្លីជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ​នាយឧត្តមសេនីយ៍ មាស សុភា ក៏បានចែកនូវអំណោយដល់ជនពិកាក្នុងស្រុកម៉ាឡៃ ចំនួន២៥នាក់ ដែលម្នាក់ៗ អង្ករចំនួន២៥គីឡូក្រាម ទឹកសុទ្ធ១កេះ, មី១កេះ និងថវិការ១០ម៉ឺនរៀលផងដែរ៕