(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យព្រះកុសុមៈ បានប្រារព្ធពិធីខួបមួយឆ្នាំ នៃការចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន លើគម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណជាង៨០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន ។
នាយកមន្ទីរពេទ្យព្រះកុសុមៈ លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ បានថ្លែងថា «ថ្ងៃនេះជាថ្ងៃមួយដែរយើង ប្រារព្ធពិធីខួបនៃការចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន លើការសាងសង់អគារមិត្ដភាពកម្ពុជា-ចិននៃមន្ទីរពេទ្យព្រះកុសុមៈ «ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨-២០១៩» ។សម្រាប់ការបើកដ្ឋានសាងសង់វិញ បានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលាកន្លងទៅ ដោយគិតមកដល់ពេលនេះ ជាង៣ខែមកហើយ »។
សម្រាប់ដំណើរការសាងសង់នេះ បានដំណើរការយ៉ាងរលូន ដោយអនុវត្ដន៍ទៅតាមកិច្ចសន្យារបស់កម្ពុជា-ចិនថា នឹងសាងសង់រួចជាស្ថាពរក្នុងរយៈពេល៤០ខែ ប៉ុន្ដែបានតាមការលើកឡើងរបស់ភាគីចិន គឺនឹងព្យាយាមពន្លឿនការសាងសង់មុនពេលកំណត់ យ៉ាងយូរ៣៦ខែ ។នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ។
អគារមន្ទីរពេទ្យថ្មីនេះ ត្រូវសាងសង់មានកម្ពស់៥៣ម៉ែត្រ មាន១១ជាន់ មានបំពាក់នូវ ឧបករណ៍វេជ្ជសាស្ដ្រ និងសម្ភារបរិក្ខារផ្សេងៗព្រមទាំងការបណ្ដុះបណ្ដាល សម្រាប់ អាយុកាលនៃការប្រើប្រាស់៥០ឆ្នាំ, សម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា, ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ អនុវត្តតាមស្ដង់ដាប្រទេសចិន ស្របតាមស្ថានភាពជាក់ស្ដែង, បន្ទប់សរុប១៣២បន្ទប់, បង្គន់អនាម័យ២១៩បន្ទប់ និងទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណជិត៨០លានដុល្លារអាមេរិក ។
នាយកមន្ទីរពេទ្យព្រះកុសុមៈ បានបន្ដថា ដើម្បីឆ្លើយតបទៅនឹងកំណើន និងតំរូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋ ដែលចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងស្នើសុំទៅរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានទទួលការយល់ព្រមសិក្សាពី គម្រោងនាចុងឆ្នាំ២០១៥កន្លងទៅ។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កម្ពុជា-ចិន បានចុះហត្ថលេខាពីគម្រោងសាងសង់ខាងលើនេះ និងបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅចុងខែតុលាថ្មីៗនេះតែម្ដង ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីអបអរសាទរ គម្រប់ខួប១ឆ្នាំនៃការចុះហត្ថលេខាលើគម្រោងសាងសង់នេះ ៕
សម្រាបជម្រាបថា អគារដែលត្រូវសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។
មន្ទីរពេទ្យកុសុមៈ ជាមន្ទីរពេទ្យជាតិសាធារណៈមួយនៅក្នុងរាជធានីភ្នំពេញ ដែលបានកសាងឡើងនាឆ្នាំ១៩៥៣ និងបានសាងសង់រួចជាស្ថាពរ ព្រមទាំងចាប់ផ្ដើមដំណើរការនាឆ្នាំ១៩៥៦ ក្រោមព្រះរាជឧបត្ថម្ភដោយ សម្ដេចព្រះមហាក្សត្រីយ៉ានីព្រះកុសុមៈ ជាព្រះមាតារបស់ព្រះ បរមរតនកោដ្ឋ សម្រាប់ព្យាបាលជំងឺព្រះសង្ឃ និងបានដំណើរការដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មានឈ្មោះដើមថា «មន្ទីរសង្ឃពេទ្យកុសុមៈ» និងបានអាក់ខានដំណើរការក្នុងរបបប៉ុលពត។
មន្ទីរពេទ្យនេះ បានចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៩ ដោយក្រសួងសុខាភិបាល បានកែសមមរួលពីមន្ទីរពេទ្យ សម្រាប់ព្យាបាលព្រះសង្ឃ មកជាមន្ទីរពេទ្យពហុព្យាបាលប្រជាជន និងព្រះសង្ឃ ជាពិសេសជំងឺដែលត្រូវការវះកាត់ដោយក្រសួងតម្រូវឲ្យមន្ទីរពេទ្យរៀបចំជា ២០០គ្រែចែកចេញជាផ្នែក។
បច្ចុប្បន្នមន្ទីរពេទ្យលោកសង្ឃ មានគ្រែព្យាបាលចំនួន៣៥០ និងមានបុគ្គលិកសរុបទាំងអស់ ចំនួន៥៦៣នាក់ ក្នុងនោះស្ដ្រី ចំនួន២៣១នាក់, បុគ្គលិកជាប់កិច្ចសន្យាចំនួន៤០នាក់ និងកម្មករ ចំនួន៧៤នាក់៕