(សៀមរាប)៖ គេហទំព័រថ្មី របស់គ្រឹះស្ថានអង្គរ ដែលមានអសយដ្ឋាន https://www.angkorenterprise.gov.kh/ ដែលត្រូវបានរៀបចំសារជាថ្មី ដោយអ្នកជំនាញ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ។ នេះបើសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ការដាក់ឲ្យដំណើរការជាផ្លូវការ នូវគេហទំព័រថ្មី របស់គ្រឹះស្ថានអង្គរ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីលោក ឧបនាយករដ្ឋមន្ត្រី បានដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណិត្តទី១ លើកទី៩ នៃគ្រឹះស្ថានអង្គរ នាព្រឹកមិញនេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការ គេហទំព័រថ្មីនេះ គឺដើម្បីឲ្យមានភាពទាក់ទាញ ងាយស្រួល និងផ្តល់ព័ត៌មានបន្ថែមជាច្រើន ដល់សាធារណជនក្នុងស្រុក និងអន្តរជាតិ និងជាពិសេស គឺផ្តល់ព័ត៌មានជាក់ស្តែងភ្លាមៗ ស្តីពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
គេហទំព័រថ្មី របស់គ្រឹះស្ថានអង្គរនេះ ក៏នឹងផ្តល់ព័ត៌មានមួយចំនួន ស្តីពី ដំណើរទេសចរក្នុងតំបន់អង្គរ និងតំបន់ប្រាសាទនានា សំដៅជួយលើកស្ទួយ ដល់វិស័យទេសចរណ៍ និងផ្តល់ភាព ងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការរៀបចំដំណើរកំសាន្តរបស់ខ្លួន។
គេហទំព័រថ្មីនេះ មានជា៥ភាសា គឺ ខេមៈភាសា, ភាសាចិន, ភាសាអង់គ្លេស, ភាសាជប៉ុន, និងភាសាកូរ៉េ ហើយអាចប្រើប្រាស់យ៉ាងងាយស្រួល នៅលើទូរស័ព្ទដៃ និង ឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។ ជាងនេះទៀត សាធារណជន អាចចូលទៅពិនិត្យមើលចំនួនសំបុត្រ ដែលលក់បានជាក់ស្តែង (Real Time Data) នៅលើគេហទំព័រថ្មីនេះផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច៖