(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ជូនអាគារសិក្សា១ខ្នង ដល់អនុវិទ្យាល័យខ្មាក់ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពុងធំ។ អាគារសិក្សាដែលត្រូវបានប្រគល់ជូន ដល់អនុវិទ្យាល័យខ្មាក់នេះ មាន២ជាន់ និង១២បន្ទប់។
អគារសិក្សា១ខ្នងត្រូវបានផ្ដល់ជូនតាមរយៈលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង ដើម្បីជាចំណងដៃថ្មីក្នុងការអបអរសាទរ ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា។
អគារសិក្សាថ្មីជាចំណងដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបានលោក ជា ចាន់តូ ប្រកាសសាងសង់ជូន ក្នុងកម្មវិធីមិទ្ទិញអបអរសាទរខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលរៀបចំធ្វើនៅស្រុកសន្ទុក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
លោក ធាម វុទ្ធា នាយកអនុវិទ្យាល័យខ្មាក់ឲ្យដឹងថា បច្ចុប្បន្ននេះអនុវិទ្យាល័យមានសិស្សសិក្សា ចំនួន៥៣០ ដោយក្នុងស្រី៣២៧នាក់ និងមានថ្នាក់រៀនចំនួន១១ថ្នាក់។ លោកបន្ដថា បច្ចុប្បន្នសាលាខ្វះថ្នាក់រៀន១ថ្នាក់ ហើយនៅឆ្នាំសិក្សាថ្មីខាងមុខអាចខ្វះរហូតដល់៧ថ្នាក់ ទោះបីកាលពីពាក់កណ្ដាលឆ្នាំ២០១៦កន្លងមកនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អគារមួយខ្នង៦បន្ទប់ក៏ដោយ។
លោក ជា ចាន់តូ ឲ្យដឹងថា ស្មារតី៧មករានៅតែស្ថិតស្ថេរជាអមតៈ ក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច និងជាក៏មូលដ្ឋានរឹងមាំនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
លោកបន្ដថា ទិវា៧មករានាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ហើយទើបប្រជាជនកម្ពុជាប្រសិទ្ធនាមថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន ព្រោះបើគ្មានជ័យជម្នះ៧មករា ក៏កម្ពុជាគ្មានអ្វីៗដូចពេលនេះដែរ។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានអំពាវនាវអ្នកចូលរួមក៏ដូចប្រជាជនកម្ពុជាទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់នូវស្មារតីរួបរួមជាតិគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបាន ការអភិវឌ្ឍថ្មីបន្ថែមទៀត៕