(ភ្នំពេញ)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្ដិយស នៃវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងជំរុញដល់សិស្សនិស្សិត និងផ្ដាំផ្ញើដល់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ ត្រូវតែខ្លាំង ទាំងសមត្ថភាពសិក្សា ការងារ ចំណេះជំនាញ ប្រកបដោយភាពច្បាស់លាស់ ដើម្បីឆ្លើយតប ទៅនឹងការវិឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ពិភពលោក។
ការថ្លែងបែបនេះ របស់តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងថា្នក់បរិញ្ញាបត្រ របស់វិទ្យាស្ថាន អភិវឌ្ឍន៍អាស៊ីសច្ចៈ សរុប ២០៥នាក់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នាសណ្ឋាគារសាន់វ៉េ។
លោកបណ្ឌិត ម៉ាឈឿន ថ្លែងបន្ដថា «ស្របពេលដែលពិភពលោកកាន់តែមានការរីកចម្រើន ពិសេស កត្ដាបច្ចេកវិទ្យា ដែលទាមទារឲ្យត្រូវចេះស្វែងយល់ និងចេះប្រើពីវាឲ្យបានច្រើន ដើម្បីឆ្លើយតបទាន់ពេលវេលា ក្នុងការពង្រីក និងពង្រឹងចំណេះដឹង ការសិក្សា និងទំនាក់ទំនងការងារ» ។
លើសពីនេះ តំណាងរាស្ដ្រកំពង់ចាម បានផ្ដាំផ្ញើ ទៅដល់សិស្សនិស្សិត ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យអស់ពីសមត្ថភាព និងត្រូវចេះដាក់គោលដៅជីវិតរបស់ខ្លួន ដើម្បីក្លាយជាកូនខ្មែរដែលពោរពេញដោយ ចំណេះដឹង ឬធនធានគ្រប់គ្រាន់ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើន ។
ទន្ទឹមនឹងនោះ នាយកវិទ្យាស្ថាន អភិវឌ្ឍអាស៊ីសច្ចៈ លោក ញ៉ែម សច្ចៈ បានលើកឡើងផងដែរថា «ដើម្បីឆ្លើយតបទៅនឹងការវិឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ របស់ពិភពលោក នាពេលបច្ចុប្បន្ននេះវិទ្យាស្ថាន បានធ្វើការរៀបចំ និងកែលម្អកម្មវិធីសិក្សា រចនាសម្ព័ន្ធគ្រប់គ្រង ពង្រីកកិច្ចសហប្រតិបត្ដិការ ជាមួយដៃគូជាតិ-អន្ដរជាតិ ពង្រឹងសមត្ថភាពសាស្ដ្រាចារ្យ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងគុណភាពសិក្សារបស់និស្សិតគ្រប់កម្រិត ដើម្បីឈានទៅរកការប្រកួតប្រជែង លើវិស័យអប់រំក្នុងស្រុក និងតំបន់» ។
ជាងនេះទៅទៀត លោក ញ៉ែម សច្ចៈ បានថ្លែងទៀតថា ម្យ៉ាងវិញទៀត ដើម្បីចូលរួមចំណែក ក្នុងកសាងធនធានមនុស្ស ក៏ដូចជាការអភិវឌ្ឍន៍សង្គម សំដៅឆ្ពោះ ឲ្យខឿនសេដ្ឋជាតិ មានការរីកចម្រើន និងសុខសន្ដិភាពនោះ វិទ្យាស្ថាន ក៏បានដាក់ចែញនូវគោលការណ៍ជាច្រើន ទាំងក្នុងវិស័យអប់រំ សប្បុរសធម៌ និងសកម្មភាពផ្សេងៗទៀត ៕