(ស្វាយរៀង)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបណ្តុះបណ្តាល ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្ត ឆ្នាំ២០១៩ ក្រោមគំរោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ចំណេះដឹង និងជំនាញពិតប្រាកដ នាំឲ្យយើងមានការងារធ្វើ និងបានប្រាក់កម្រៃសមរម្យ បង្កើនជីវភាពគ្រួសារ បានមួយកំរិតផងដែរ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ហ៊ី ស៊ីដេត ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអស់លោក-លោកស្រី ជានាយកវិទ្យាស្ថាន មន្ត្រីរាជការ មេឃុំ ៤០ឃុំ និងសិក្ខាកាមជាច្រើននាក់ ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

លោក រស់ ផារិទ្ធ បានឲ្យដឹងទៀតថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ រដ្ឋបាលខេត្តសូមគាំទ្រទាំងស្រុង ព្រោះនេះ ជាការងារមួយ ដែលបានជួយដល់សិស្សនិស្សិត និងប្រជាពលរដ្ឋ នៅតាមសហគមន៍ ឲ្យមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានការងារ ធ្វើក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់របស់រាជរដ្ឋាភិបាល នៅអាណត្តិទី៦នេះ។

លោកអភិបាលរងខេត្ត ក៏បានបង្ហាញនូវការរីកចម្រើនរបស់ខេត្ត ដោយបានបញ្ជាក់ថា បច្ចុប្បន្នខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន៨កន្លែង សរុបនៅទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ចំនួន១៨៦កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ បានប្រមាណ៦៨,១៣៤នាក់ ដែលបានកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។

លោក រស់ ផារិទ្ធ បានថ្លែងនូវការផ្តាំផ្ញើថា វិទ្យាស្ថានត្រូវរៀបចំលក្ខណៈសម្បត្តិ ឲ្យបានគ្រប់គ្រាន់ ដើម្បីលើកទឹកចិត្តតាមគ្រប់មធ្យោបាយ ក្នុងការបង្កើនប្រសិទ្ធភាព នៃការការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈពិសេស ត្រូវលើកទឹកចិត្ត ដល់សិក្ខាកាម សិស្សនិស្សិត ជានារីជនងាយរងគ្រោះ ជនក្រីក្រដែលនៅតំបន់ ជនបទឲ្យមកទទួលសេវាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយសមធម៌។

អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា មិនតែប៉ុណ្ណោះត្រូវយកចិត្តទុកដាក់ ពង្រឹងគោលនយោបាយសមធម៌លើការបង្រៀន ការរៀនទាំងនៅតាមសហគមន៍ និងនៅតាមសហគ្រាសរោងចក្រ នៅមជ្ឈមណ្ឌលការងារ និងនៅវិទ្យាស្ថានជាដើម។

លោក រស់ ផារិទ្ធ បានបន្ថែមថា វិទ្យាស្ថានត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ ឲ្យរលូនបានល្អ រវាងស្ថាប័ន មន្ទីរ អង្គភាពនានា វិស័យឯកជន និងអង្គការជាតិ និងដៃគូអភិវឌ្ឍនានា ដើម្បីកៀរគរធនធានហិរញ្ញវត្ថុ សម្ភារ ធនធានមនុស្ស ឧបករណ៍បច្ចេកទេស សម្ភារបរិក្ខារ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ ជូនសិស្ស និស្សិត សិក្ខាកាម និងបងប្អូនប្រជាពលរដ្ឋ ឲ្យក្លាយទៅជាកម្លាំងពលកម្ម ជំនាញដែលមិនអាចខ្វះបាន បំពេញតម្រូវការ នៃការរីកចម្រើនផ្នែកកសិ-ឧស្សាហកម្ម​ សិប្បកម្ម វិស័យឧស្សាហកម្ម និងការរីកចម្រើន នៃបច្ចេកវិទ្យានាសម័យទំនើប។

លោកបន្ដថា ហើយត្រូវធ្វើការអភិវឌ្ឍទំនើបកម្ម នៃកម្មវិធីសិក្សា​ ដើម្បីធានានូវគុណភាពបណ្តុះបណ្តាល ឲ្យស្របតាមស្តង់ដាជំនាញមុខរបរ និងស្របតាមការផ្លាស់ប្តូរ រីកចម្រើននៃបច្ចេកវិទ្យា ក្នុងទីផ្សារការងារ។

សូមបញ្ជាក់ថា នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង នៅឆ្នាំ២០១៩នេះ មានសិស្សសិក្ខាកាម សរុប១,១៤៣នាក់ ក្នុងនោះ សិស្សបណ្តុះបណ្តាល នៅសហគមន៍១,០៤០នាក់ សិស្សបញ្ចប់ វគ្គបណ្តុះបណ្តាល នៅសហគ្រាសចំនួន៥៥នាក់ និងការបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលការងារ មានចំនួន៤៨នាក់៕