(សៀមរាប)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្ដិទី១ លើកទី៩ នៃគ្រឹះស្ថានអង្គរ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្ដិទី១ លើកទី៩ នៃគ្រឹះស្ថានអង្គរ ខាងលើនេះ លោករដ្ឋមន្ដ្រីទាំង២រូប បានណែនាំដល់ថ្នាក់ដឹកនាំ គ្រឹះស្ថានត្រូវបន្ដពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការប្រមូលចំណូល ពីការលក់បណ្ណ ក៏ដូចជាពង្រឹងការត្រួតពិនិត្យបណ្ណ ឲ្យបានកាន់សុក្រឹត្យបន្ថែមទៀត។
បើយោងតាមរបាយការណ៍ផ្លូវការ របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាទទួលបានចំណូលចំនួន១១៦.៦៤លានដុល្លារអាមេរិក ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ ដែលចំណូលនេះ បានកើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៥.៤៥ភាគរយ។
ចំណូលជាង១១៦លានដុល្លារ ដែលបានពីការលក់បណ្ណ ចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥,១៨១,៦៣០ដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានខ្លឹមសារទាំងស្រុង៖