(កំពង់ស្ពឺ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកបណ្ឌិត ម៉ី កល្យាណ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មសូត្រ របស់បងប្អូនសហគមន៍អ្នកផលិតសូត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ មូលដ្ឋានស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះ តំណាងសហគមន៍អ្នកផលិតសូត្រឪរ៉ាល់ បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ក្នុងដំណើរការផលិតរបស់ខ្លួន ពាក់ព័ន្ធទៅនឹងកង្វះវត្ថុធាតុដើម ក្នុងការផលិតសូត្រ និងមិនមានកម្លាំងពលកម្ម គ្រប់គ្រាន់ក្នុងការដាំដុះដើមមន និងការចញ្ជឹមដង្កូវនាង ដើម្បីធ្វើការផ្គត់ផ្គង់ការផលិត ទន្ទឹមនឹងមិនមានថវិកាគ្រប់គ្រាន់ ដើម្បីដំណើរការច្រវ៉ាក់ផលិតកម្ម។
ទន្ទឹមនេះ តំណាងសហគមន៍ បានសំណូមពរដល់លោក កៅ ថាច ជួយគាំទ្រដល់សហគមន៍ ក្នុងការទំលាក់ឥណទាន ដើម្បីធ្វើការពង្រីកខ្សែច្រវ៉ាក់ផលិតកម្មសូត្រ របស់សហគមន៍ ក៏ដូចជាជួយដល់ការគាំទ្រ លើបញ្ហាទីផ្សារផងដែរ។
ជាការឆ្លើយតប លោក កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ បម្រើគោលនយោបាយ ឲ្យរាជរដ្ឋាភិបាល បានបន្តលើកទឹកចិត្តគាំទ្រ និងជំរុញឲ្យសហគមន៍ ធ្វើការពង្រីកសមាជិកអ្នកផលិតសូត្រ ឲ្យបានច្រើន ដោយក្នុងនោះ សហគមន៍ត្រូវធ្វើការគិតគូអំពី ពូជដង្កូវនាង បច្ចេកទេសដាំដុះមន ពីអ្នកជំនាញ ដើម្បីធ្វើការផ្តល់ និងបង្រៀនសមាជិករបស់ខ្លួន ឲ្យមានការយល់ដឹងខ្ពស់ អំពីខ្សែច្រវ៉ាក់ផលិតកម្មសូត្រនេះ។
ទន្ទឹមនេះ លោក កៅ ថាច បានលើកយោបល់បន្ថែមថា សម្រាប់បងប្អូនកសិករ ជាពិសេសស្ត្រីមេផ្ទះ ដែលមានដីនៅទំនេរច្រើន ហើយចង់មានបុខរបរបន្ថែម សហគមន៍គួរយកចិត្តទុកដាក់ធ្វើការទាក់ទាញ និងពន្យល់ឲ្យពួកគាត់ ចូលរួមធ្វើការដាំដុះដើមមន ការចញ្ជឹម ដោយសហគមន៍ផ្តល់ពូជ និងបច្ចេកទេសដាំដល់ពួកគាត់ ហើយសហគមន៍ ត្រូវមានកិច្ចសន្យាទិញ យកផលមកវិញពីកសិករ។
លោកថា ការណ៍នេះ នឹងចូលរួមចំណែក ដល់ការបង្កើតការងារបន្ថែម ដល់កសិករក្នុងមូលដ្ឋាន ជាពិសេសយើងអាចកាត់បន្ថយ ការចំណាកស្រុករបស់បងប្អូនផងដែរ។ ចំពោះការផ្តល់ឥណទាន ដល់សហគមន៍ពង្រីក ខ្សែច្រវ៉ាក់ផលិតកម្មសូត្រ លោក កៅ ថាច រីករាយសហការណ៍ និងធ្វើការពិនិត្យលទ្ធភាព ផ្តល់ជូនសហគមន៍ ក្នុងករណីសហគមន៍ផលិតសូត្រ មានតម្រូវការឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ៕