(ភ្នំពេញ)៖ សមាគម​កីឡា​អន្តរជាតិ (IWGA) ដែលមាន​ទីស្នាក់ការ​នៅប្រទេស​ស្វី​ស បានរៀបចំ​ការបោះឆ្នោត​តាម​ Online សម្រាប់​ពានរង្វាន់ «អត្តពិភពលោកប្រចាំឆ្នាំ២០១៨​»។ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ដែលត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។

យោងតាមគេហទំព័រផ្លូវការរបស់ IWGA បានបង្ហាញថា លោកស្រី កែ ឡេង កំពុងស្ថិតក្នុងចំណាត់ថ្នាក់ចាញ់គេឆ្ងាយណាស់។

កម្មវិធីបាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​ តាមរយៈការចុច​ Vote លើ​ឈ្មោះ​អត្ត​ព​លិ​ក ហើយ​បំពេញ​ឈ្មោះ និង E-mail ផងដែរ​ទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យលោកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។

ដើម្បី​គាំទ្រ​បេក្ខភាព​លោកស្រី កែ ឡេង ឲ្យឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ក្នុងការប្រកួត​ដណ្ដើម​ពានរង្វាន់​ កីឡាការិនីឆ្នើមពិភពលោក ប្រចាំ​ឆ្នាំ​២០១៨ សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១. ចូល​ទៅ​កាន់៖ http://www.theworldgames.org , ទី២. ចុចលើពាក្យ picture "Athelete of the year 2018" និងទី៣. ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ registration ជាការ​ស្រេច។

ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំទី១ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំបញ្ចប់​។

សូមជំរាបថា លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត ដែលនាំឲ្យលោកស្រី ត្រូវបានជ្រើសរើសជាបេក្ខភាព តំណាងប្រទេសកម្ពុជា ក្នុងការដណ្តើម «ពានអត្តពលិក ប្រចាំឆ្នាំ២០១៨នេះ»។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ៕