(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ នគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជូន២នាក់ប្តី-ប្រពន្ធ ដែលជាម្ចាស់ហាងម៉ាស្សាកោសជប់យីហោ «បាតដៃសម្រួលសរសៃបែបបុរណខ្មែរ» ជ្រោកក្រោមហាងផាត់មុខ និងធ្វើសក់យីហោ «ស្រីពៅ សាឡន» ដែលបានលួចបង្កប់សេវាផ្លូវភេទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ករណីបើកហាងម៉ាស្សាផ្តល់សេវា រួមភេទដោយខុសច្បាប់។
ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីវេលាម៉ោង៨៖២០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅត្រង់ចំណុចផ្ទះលេខ៨៧ EoE តាមបណ្ដោយផ្លូវ១៣៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់ ដែលលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនោះ ក្រោមមានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ឯម សុជឿន អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងចុះបង្ក្រាប និងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាកម្មផ្លូវភេទខាងលើ។
ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះ បានឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលជាដែលជាហាងម៉ាស្សាខាងលើ ដែលបុរសជាប្តីមានឈ្មោះ សុខ រតនា អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
នៅក្នុងប្រតិបត្តិការនោះ នគរបាលបានរកឃើញនារីម៉ាស្សាចំនួន៥នាក់ទៀត ជាជនរងគ្រោះ និងបុរសម្នាក់ទៀត ដែលត្រូវជាភ្ញៀវ រួមទាំងវត្ថុមួយចំនួនទៀតផងដែរ៕