(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ប្រះសឺត លឺឆាថៈណាណុន អភិបាលខេត្តត្រាត នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររួមគ្នាមួយ នៅសាលប្រជុំផ្លយដែងជាន់ទី៤ នៃសាលាខេត្តត្រាត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សម្ព័ន្ធភាពបន្តរក្សាទំនាក់ទំនងល្អខេត្តជាប់ព្រំដែន ព្រមទាំងខិតខំបន្តកសាង ថែរក្សា ការពារ ព្រំដែនសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍ប្រកបដោយចេរភាព ជាពិសេសជំរុញឲ្យកិច្ចដំណើរការបើកច្រកព្រំដែនថ្មដា ទៅជាច្រកទ្វារអន្ដរជាតិ និងជំរុញក្នុងការផ្តល់សេវាប័ណ្ណព្រំដែន កម្ពុជា-ថៃ ឲ្យបានឆាប់រហ័ស។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការអនុវត្តកិច្ចព្រមព្រៀងកន្លងមក លើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ព្រំដែន បញ្ហាកម្លាំងពលកម្ម និងការងារ ការផ្ដាស់ប្ដូរទំនិញ និងកសិផលតាមព្រំដែន បញ្ហាបរិស្ថានអនាម័យ បញ្ហាសុខភាពសាធារណៈ កិច្ចការសង្គម ទេសចរណ៍ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែន ព្រមទាំងការតំឡើងច្រកព្រំដែនអន្តរជាតិ និងការប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ សម្រាប់ជាប្រយោជន៍ នៃការអភិវឌ្ឍន៍តំបន់ព្រំដែន នៃប្រទេសទាំងពីរ។

ឆ្លងកាត់តាមកិច្ចប្រជុំពិភាក្សាការងារខាងលើ ភាគីថៃ បានសន្យាជំរុញឲ្យរដ្ឋបាលខេត្តត្រាត រៀបចំនីតិវិធីឆ្លងទៅថ្នាក់លើឲ្យបានឆាប់រហ័ស ដើម្បីពន្លឿននៃការប្រើប្រាស់ប័ណ្ណព្រំដែន មុននឹងឈានដល់ការតំឡើងជាច្រកព្រំដែនអន្តរជាតិនាពេលខាងមុខ។

ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានស្នើថ្ងៃចេញចូលឲ្យបាន៧ថ្ងៃ ​ក្នុងមួយសប្តាហ៍ បន្ថែមលើថ្ងៃចេញចូលចាស់ ដែលបានត្រឹមតែ៣ថ្ងៃ ក្នុងមួយសប្តាហ៍។ រាល់កិច្ចសហប្រតិបត្តិការ ខាងលើ ភាគីទាំង២ បានបង្ហាញនូវការយល់ឃើញរួមគ្នា អំពីសារសំខាន់ ផលប្រយោជន៍ នៃទំនាក់ទំនងល្អ ក្នុងការខិតខំកសាង និងថែរក្សាការពារឱ្យបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍប្រកបដោយចេរភាព។ បន្ថែមពីនោះ ភាគីទាំងពីរ បានយល់ព្រមឯកភាពគ្នា ប្រសិនមានវិវាទណាមួយកើតឡើងនៅតាមព្រំដែន ភាគីទាំងពីរគួរតែអត់ធ្មត់ ឱ្យបានកម្រិតខ្ពស់បំផុត និងខិតខំទប់ស្កាត់វិវាទទាំងនោះ ដោយសន្តិវិធី និងឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ ភាគីទាំងពីរគួររាយការណ៍ជូនថ្នាក់ដឹកនាំរៀងៗខ្លួន។

សូមបញ្ជាក់ថា កម្ពុជា-ថៃ បានព្រមព្រៀងគ្នាថា នឹងបើកច្រកព្រំដែនអន្តរជាតិបន្ថែមទៀត នាពេលខាងមុខ។ ការព្រមព្រៀងនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំថ្នាក់អភិបាលខេត្តជាប់ព្រំដែន លើកទី៦ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជា សម្រួលដល់ការដឹកជញ្ជូនទំនិញ និងទេសចរឆ្លងកាត់ កម្ពុជា-ថៃ៕