(ភ្នំពេញ)៖ ក្រោយទទួលបានផែនការពីលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, អធិការដ្ឋាននគរបាលខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានណែនាំឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ នៃរដ្ឋបាលសង្កាត់ទាំង០៧ សហការគ្នាចុះអនុវត្តដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ការចុះផ្សព្វផ្សាយនេះ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែបានជ្រួលជ្រាបជាងមុនបន្ថែមទៀត អំពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងការទប់ស្កាត់អំពើ អនាចារផ្សេងៗ ដូចជាលួច ឆក់ ប្លន់ ទាំងការផលិតចែកចាយ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ មិនឲ្យមានក្មេងទំនើង និងលេងល្បែងស៊ីសង ការប្រើប្រាស់អាវុធខុសច្បាប់ និងគ្មានអំពើហិង្សាក្នុងគ្រួសារជាដើម ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបង្កើតឡើងតាមអនុសាសន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងផែនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានវត្តមានជាក់ស្ដែងពីតំណាងចៅសង្កាត់ ចៅសង្កាត់រង នាយប៉ុស្ដិ៍ស្វាយប៉ាក លោក ហ៊ឹម គឹមសាន្ដ និងនាយប៉ុស្ដិ៍ច្រាំងចំរេះ១ លោក រឿន វន ជាមួយនាយរងប៉ុស្ដិ៍ លោក ម៉ក់ សោភ័ណ្ឌ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានលើកឡើងស្រដៀងៗគ្នា ក្នុងការជំរុញប្រជាពលរដ្ឋឲ្យចលនាការពារសន្តិសុខគ្រប់ច្រកល្ហក នៅតាមភូមិនីមួយៗ ដើម្បីរួមគ្នាពង្រឹងសណ្តាប់ធ្នាប់ សាធារណៈឲ្យបានកាន់តែប្រសើរឡើង បន្ថែមទៀត។
ដោយឡែក ភ្ជាប់មកជាមួយការផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពនេះដែរ នាថ្ងៃដដែលនេះ សម្រាប់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ក៏បានយកសៀវភៅគ្រួសារ ដែលធ្វើរួចរាល់ជាស្ថាពរហើយនោះ មកចែកជូនផងដែរ ដើម្បីងាយស្រួលគ្រប់គ្រង និងងាយស្រួលប្រើប្រាស់តាមតម្រូវការចាំបាច់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕