(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានរម្លឹកដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់ ។

ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺប្រជាពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។

ការលើកឡើងរបស់លោក ម៉ម ប៊ុននាង បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកំពង់ស្វាយ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩)នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

លោក បានបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាងប្រទេសពីបាតដៃទទេ ដោយគ្មានអ្វីសោះ មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប្រទេសកម្ពុជាសព្វថ្ងៃ កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺរផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏កំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។

លោកបានបន្តទៀតថា ប្រទេសកម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ នៅក្នុងរាជរដ្ឋាភិបាលអាណាត្តិទី៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។

ជាមួយគ្នានោះដែរ លោកបានរំលឹកដល់ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំ និងក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តម បានរំលឹកឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព។

បន្ទាប់ពីអញ្ជើញចូលរួមអបអរសារទរថ្ងៃជ័យជំម្នះ ៧ មករារួចមក លោក ម៉ម ប៊ុននាង បានដឹកនាំក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យការជួសជុល និងសាងសង់ផ្លូវចំនួន០៣ខ្សែ ដោយមានបណ្តោយសរុប ២១៩០ ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មម៉ិចកំរាស់ ៥ហ៊ុន ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ដោយរួចរាល់ជាស្ថាពរ ដែលបានចំណាយថវិកាសរុបចំនួន១០,០០០ដុល្លា ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកបាននាំយកថវិកាចែកជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធាន អនុប្រធានយុវជនឃុំ និងនារីឃុំ ប្រធានសាខាបក្សមណ្ឌលសុខភាពឃុំ នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលកងរាជអាវុធហត្ថប្រចាំឃុំ ប្រធាន អនុប្រធាន សមាជិកបក្សភូមិ ប្រធាន អនុប្រធានយុវជនភូមិ និងនារីភូមិ តំណាងអតីតមន្ត្រីចូលនិវត្តន៍ និងតំណាងអតីតយុទ្ធជន សរុបចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២មឺុនរៀល និងចំណាយផ្សេងៗ ដែលចំណាយថវិកាអស់៤,០០០,០០០រៀល ព្រមទាំងនាំយកថវិកាដំណាក់កាលទី១ ចំនួន៤,០០០ដុល្លា ដើម្បីប្រគល់ជូនក្រុមបច្ចេកទេសសាងសង់ផ្លូវដែលចំណាយថវិកាសរុបចំនួន ២០.០០០.០០០រៀល៕