(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក បានលើកឡើងថា ថ្ងៃជ័យជន្នះ៧មករា ជាមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ហើយបើគ្មានថ្ងៃ៧មករានោះទេកម្ពុជា ក៏គ្មានសមិទ្ធិផលដូចបច្ចុប្បន្ននេះដែរ។

ការលើកឡើងបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងក្នុងកម្មវិធីមិទ្ទិញអបអរសាទរខួប លើកទី៤០ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា (៧ មករា ឆ្នាំ១៩៧៩-៧ មករា ឆ្នាំ២០១៩) ដែលរៀបឡើងនៅបរិវេណ ទីស្នាក់ការគណបក្សស្រុកសន្ទុក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

លោក ជា ចាន់តូ ក៏បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គមេទ្ទិញបានស្ដាប់ផងដែរ។ ក្នុងនោះលោកបានលើកយកចំណុចសំខាន់ ក្នុងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ថា «ថ្ងៃ៧មករាជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាមកបំភ្លៃ ឬបំផ្លាញបានឡើយ»។

ក្នុងសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ដែលសម្រេចបានមកពេលនេះ គឺឈរលើមូលដ្ឋាននៃការគួបផ្សំយ៉ាងស្អិតរមួតរវាងកម្លាំងពីររួមមាន៖ កម្លាំងមហាសាមគ្គីជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភយ៉ាងធំធេងទាន់ពេល ព្រមទាំងមានប្រសិទ្ធភាពពី សំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម។

ក្នុងសុន្ទរកថាបញ្ជាក់ថា ស្មារតី៧មករាស្ថិតនៅក្នុងដួងចិត្ត របស់ប្រជាជនខ្មែរជានិច្ច និងជាកម្លាំងដ៏ធំធេងនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងឈរយ៉ាងរឹងមាំក្នុងភាពជា ម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ហើយក៏កំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកប ដោយភាពជឿជាក់ផងដែរ។

ក្នុងឱកាសនោះលោក ជា ចាន់តូ បានក៏បានអំពាវនាវអ្នកចូលរួម ក៏ដូចប្រជាជនកម្ពុជាទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់នូវស្មារតីរួបរួមជាតិគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យទទួលបានការអភិវឌ្ឍថ្មីបន្ថែមទៀត៕