(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវឈប់ប្រើប្រាស់ចំពោះ Wifi សាធារណៈទាំងឡាយណា ដែលមានប្រភពមិនច្បាស់លាស់ ព្រោះអាចប្រឈមនឹងការលួចយក ព័ត៌មានរបស់អ្នកប្រើប្រាស់បាន។
Facebook របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋភាគច្រើន តែងតែប្រើប្រាស់វ៉ាយហ្វាយសាធារណៈ (Public Wi-Fi) សឹងតែគ្រប់ពេលវេលា នៅហាងកាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន ដោយមិនបានចាប់អារម្មណ៍ថា រាល់ការប្រើប្រាស់ទាំងអស់នេះ អាចនាំមកនូវហានិភ័យផ្សេងៗ ដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និងឯកសារ) លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware)»។
ទោះជាយ៉ាងនេះក្តី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់អំពីការប្រើប្រាស់វ៉ាយហ្វាយសាធារណៈ ដែលប្រកបដោយសុវត្ថិភាព មានវិធី៤យ៉ាងគឺ៖ បញ្ជាក់ឲ្យប្រាកដថា វ៉ាយហ្វាយដែលបានភ្ជាប់ គឺជាវ៉ាយហ្វាយដែលមានប្រភពច្បាស់លាស់, ចៀសវាងការចូលទៅក្នុងគណនីសំខាន់ៗ ដូចជា ធនាគារ iCloud និង Email ជាដើម, បិទប្រព័ន្ធវ៉ាយហ្វាយពេលដែលលោកអ្នក ពុំត្រូវការប្រើប្រាស់ និងបិទ Network Sharing នៅលើកុំព្យូទ័រដើម្បីចៀសវាងកុំឲ្យកុំព្យូទ័រដទៃទៀត ភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក។
សូមជំរាបថា តួលេខដែលចេញដោយនិយ័តករទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតិសេវាអ៉ីនធឺណេតចល័តមានចំនួន ជិត១៣លានស៉ីមកាត(១២.៩៧៤.៣១៩ស៉ីមកាត)។ ចំណែកអ្នកប្រើប្រាស់សេវាអ៉ីនធឺណេតអចល័ត មានចំនួនជាង១០ម៉ឺននាក់ (១៤៧.៥៩៦នាក់)៕