(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជិន កឹមទឺ ប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជាមួយលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ភាគីវៀតណាម បានសារទរចំពោះភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលនឹកស្មានមិនដល់។
ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក៏បានសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប ដើម្បីដឹកនាំប្រទេសសក្នុងនីតិកាលទី៦ នៃរដ្ឋសភាជាបន្តទៀត។
នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាដែលមានរយៈពេលជាងកន្លះម៉ោងរួចមក។
លោកស្រី ម៉ែន សំអន បានសំដែងការស្វាគមន៍ ចំពោះវត្តមានរបស់ប្រតិភូវៀតណាម ដែលបានមកកាន់កម្ពុជានាពេលនេះ ស្របពេលដែលកម្ពុជា ទើបតែប្រារព្វពិធីជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺពិធីសម្ភោធវិមានឈ្នះ-ឈ្នះ ក៏ដូចជាការរំលឹកពីនយោបាយឈ្នះ-ឈ្នះ ខួបលើកទី២០ឆ្នាំ និងទិវាជ័យជន្នះ ៧មករា ខួបលើកទី៤០ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញ្ញាចក្រី ហេង សំរិន ដែលបានធ្វើឲ្យប្រទេសមួយ ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងការកាប់សម្លាប់ បំផ្លិចបំផ្លាញយ៉ាងរង្គាល ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មកជាប្រទេសមួយមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោកស្រីថា ថ្នាក់ដឹកនាំបានកសាងពីប្រទេសមានការអភិវឌ្ឍតិចតួច មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង៧ភាគរយក្នុងមួយឆ្នាំ នារយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។
លោកស្រី ម៉ែន សំអន បញ្ជាក់ថា សមិទ្ធផលដែលប្រជាជាតិទទួលបានរយៈពេល៤០ឆ្នាំមកនេះ គឺមិនមែនបានមកដោយគ្មានការតស៊ូ និងការលះបង់នោះឡើយ ហើយបើគ្មានការគួបផ្សំពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម តាមការអំពាវនាវរបស់រណសិរ្សសង្គ្រោះជាតិកម្ពុជានោះទេ គឺពិតជាមិនអាចមានជ័យជម្នះ ៧មករា ១៩៧៩បាននោះដែរ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ទន្ទឹមនឹងជោគជ័យរយៈពេល៤០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបន្តដាក់ចេញនូវវិធានការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ តាមរយៈអភិក្រមទាំង៥ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល វះកាត់ និងបាវចនា២ទៀត គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ដែលនេះជាស្មារតីបម្រើជាតិ និងប្រជាជនប្រកបដោយភាពស្មោះត្រង់។ ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើកកម្ពស់ជីវភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមរយៈការដំឡើងប្រាក់បៀវត្ស និងយកចិត្តទុកដាក់ដល់កសិករ កម្មករ ពិសេស ការផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ ដល់បងប្អូនកម្មការិនីផងដែរ។
ទាក់ទៅនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ភាគីទាំង២ បានបង្ហាញនូវជំហរដូចគ្នា ដោយបន្តកិច្ចសហការនិងផ្តល់ការឧបត្ថម្ភគាំទ្រពីគ្នាទៅវិញទៅមកលើគ្រប់វិស័យ បើទោះជាសភាពការពិភពលោក មានការប្រែប្រួលគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ពិសេសប្រជាជន និងរដ្ឋអំណាចមូលដ្ឋាន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងទាំងពីរ នៅតែសហការគ្នាបានល្អ លើការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម សេវាសុខភាព ហើយកំពុងធ្វើឱ្យតំបន់ព្រំដែនមួយនេះ ក្លាយទៅជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ។
ជាមួយគ្នានេះ លោក ជិន កឹមទឺ បានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនវៀតណាម បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យ ពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មឲ្យកាន់កើនឡើងថែមទៀត បើទោះជាភ្ញៀវទេសចរវៀតណាមបច្ចុប្បន្ន ដែលបានមកកម្ពុជា ត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងលំដាប់លេខ២ក៏ដោយ។
លោកស្រី ម៉ែន សំអន បានជំរាបជូនភ្ញៀវបន្ថែមទៀតថា កម្ពុជាកំពុងមានសន្តិភាព ឯកភាពជាតិទាំងស្រុង បានរស់នៅក្រោមដំបូល នៃរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ កងទ័ពជាតិតែមួយ ដោយគ្មានការបែងចែក កងកម្លាំងប្រដាប់អាវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា។ ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រស់នៅជាមួយគ្នា ក្នុងសុខសន្តិភាព និស្ថិរភាពយ៉ាងសុខដុមរមនា ក្រោមម្លប់នៃព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រ តែមួយអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាឱកាសស្ដារសង្គម-សេដ្ឋកិច្ច បានរីកចម្រើនដូចបណ្តាប្រទេសជិតខាង និងក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕