(ភ្នំពេញ)៖ សមាគមកីឡាអន្តរជាតិ (IWGA) ដែលមានទីស្នាក់ការនៅប្រទេសស្វីស បានរៀបចំការបោះឆ្នោតតាម Online សម្រាប់ពានរង្វាន់ នារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨។ វីរកីឡាការិនីប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារីតំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។
កម្មវិធីបានតម្រូវឲ្យអ្នកគាំទ្រ ចូលរួមបោះឆ្នោតដោយផ្ទាល់ តាមរយៈការចុច Vote លើឈ្មោះអត្តពលិក ហើយបំពេញឈ្មោះ និង E-mail ផងដែរទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យលោកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។
គួរជម្រាប់ថា លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ។
សូមគាំទ្របេក្ខភាពលោកស្រី កែ ឡេង ឲ្យឆ្លងផុតការជម្រុះជុំទី១ ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ តាមរយៈតំណរភ្ជាប់ ដូចតទៅ៖ ទី១. សូមចូលទៅកាន់៖ http://bit.ly/2QzVpD9 និងទី២. ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ registration ជាការស្រេច។
ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ [ត្រូវនឹងថ្ងៃទី១៦ ខែមករា វេលាម៉ោង៣៖០០នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា)] ដែលជាជុំទី១ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ [ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ វេលាម៉ោង២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា)] ដែលជាជុំបញ្ចប់៕
ព័ត៌មានលម្អិតអំពីរបៀបបោះឆ្នោតគាំទ្រនេះ សូមទស្សនាវីដេអូខាងក្រោម៖