(ភ្នំពេញ)៖ កម្ពុជាគ្រោងនឹងដាក់ចេញ ច្បាប់ពាណិជ្ជកម្មអនឡាញ (E-Commerce) ឲ្យបាននៅក្នុងឆ្នាំ២០១៩នេះ។ ការដាក់ចេញនូវច្បាប់ពាណិជ្ជកម្មអនឡាញ ធ្វើឡើងដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកទិញ និងអ្នកលក់លើការប្រកបអាជីវកម្ម លក់ទំនិញតាមប្រព័ន្ធអនឡាញនេះ។
ច្បាប់ពាណិជ្ជកម្មអនឡាញដែលគ្រោងដាក់ចេញនេះ ត្រូវបានគណៈរដ្ឋមន្ត្រីកំពុងពិនិត្យ លើសំណុំឯកសារមួយចំនួន ដោយគេបានព្យាករណ៍ថា នឹងត្រូវចេញជារូបរាងនៅក្នុងឆ្នាំនេះ។
លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឲ្យដឹងក្នុងសិក្ខាសាលាស្ដីពី «ការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅតំបន់ជនបទ ក្នុងប្រទេសកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩នេះថា ច្បាប់ពាណិជ្ជកម្មអនឡាញ ដែលក្រសួងពាណិជ្ជកម្មបានចងក្រងឡើង អស់រយៈពេលជាយូរឆ្នាំមកហើយ ខណៈពេលនេះកំពុងស្ថិតក្នុងដំណាក់កាល ពិនិត្យកម្រិតជំនាញនៅគណៈរដ្ឋមន្ត្រី។
លោកបន្ដថា «ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ ដើម្បីជំរុញផលិតផលក្នុងស្រុក ឲ្យមានទីផ្សារកាន់តែទូលំទូលាយមានន័យថា ប្រជាជននៅកម្ពុជាមានប្រមាណ១៦លាននាក់ តែប្រសិនបើយើងលក់ទំនិញធម្មតា លក់បានត្រឹមតែ១៦លាននាក់ ប៉ុន្ដែបើលក់តាមប្រព័ន្ធអនឡាញ នឹងលក់បានច្រើនជាងនេះ មិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ តែលក់ដល់បរទេសថែមទៀតផង»។
លោកបន្ថែមថា ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ គឺល្អប្រសើរបំផុតសម្រាប់កម្ពុជា ព្រោះផ្ដល់ប្រយោជន៍ដល់អ្នកលក់ និងអ្នកទិញមានន័យថា នៅពេលច្បាប់នេះចេញជាផ្លូវការ អ្នកលក់មិនអាចបោកប្រាស់អ្នកទិញ ដោយប្រការផ្សេងៗដូចជា៖ ទំនិញមិនដូចរូបភាព, ទំនិញគ្មានគុណភាព, គ្មានភាពទទួលខុសត្រូវលើការដឹកជញ្ជូន ឲ្យអតិថិជនផ្ញើលុយតែមិនផ្ញើទំនិញជាដើម។ ដោយឡែកសម្រាប់អ្នកទិញក៏ដូចគ្នាដែរគឺ មិនអាចបោកប្រាស់អ្នកលក់ ដោយប្រការផ្សេងៗឡើយ។
លោកឲ្យដឹងថា ប្រសិនបើគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ នោះវិស័យនេះនឹងមិនរីកលូតលាស់លឿន ដូចបណ្ដាប្រទេសជិតខាងឡើយ មួយវិញទៀតកាលណាអត់មានច្បាប់ទម្លាប់ត្រឹមត្រូវ អាចបណ្ដាលឲ្យមានជម្លោះ ហើយបើមានជម្លោះគឺមិនអាចដោះស្រាយ បានព្រោះតែគ្មានច្បាប់។
លោកបញ្ជាក់ថា «ប្រសិនបើច្បាប់ពាណិជ្ជកម្មអនឡាញនេះ ត្រូវបានពិភាក្សាពីគណៈរដ្ឋមន្រ្ដី នូវកម្រិតបច្ចេកទេសទៅឃើញថា គ្រប់គ្រាន់នឹងអាចចេញលឿននិយាយរួមច្បាប់នេះ នឹងចេញជាផ្លូវការនៅក្នុងឆ្នាំ២០១៩តែម្ដង»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាឲ្យដឹងថា ពាណិជ្ជកម្មអនឡាញពិតជាមានសារៈសំខាន់ ប៉ុន្ដែមានប្រជាពលរដ្ឋតាមទីជនបទ មិនទាន់យល់ដឹង និងចេះប្រើប្រាស់នូវប្រព័ន្ធអ៊ីនធើណេតនេះនៅឡើយទេ ដូច្នេះគួរតែមានគ្រូបង្គោល ប្រចាំតាមតំបន់នីមួយៗ ដើម្បីបណ្ដុះបណ្ដាលពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតនេះ។
លោកបន្ថែមថា ដើម្បីឲ្យអាជីវកម្មរនេះដើរបានដោយរលូន និងជោគជ័យភាគីពាក់ព័ន្ធទាំងអស់គួរតែ រកវិធីសាស្រ្ដនានាទៅលើការចែករំលែក ប្រព័ន្ធព័ត៌មានឲ្យកាន់តែទូលំទូលាយ, ការរកកន្លែងរក្សាទុកទំនិញផ្សេងៗ, ប្រព័ន្ធដឹកជញ្ជូន,ការទូទាត់ជាដើម។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា តាំងពីដើមរហូតដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មនៅកម្ពុជាត្រូវពឹងផ្អែក លើការទូទាត់ប្រាក់សុទ្ធ និងត្រូវទៅដល់ទីតាំងទំនិញផ្ទាល់តែម្ដង កត្តាទាំងនេះធ្វើឲ្យខាតពេលវេលា, ខាតបង់ប្រាក់កាស និងផ្ដល់កត្តាហានីភ័យសម្រាប់អ្នកលក់ និងអ្នកទិញ។
លោកបន្ដថា «ប៉ុន្ដែបើសិនបើមានការធ្វើពាណិជ្ជកម្មអនឡាញ និងការទូទាត់ទំនិញតាមបច្ចេកវិទ្យា Fintech កាន់តែទូលំទូលាយនៅកម្ពុជា នោះមិនត្រឹមតែផ្ដល់ផល់ចំណេញទាំងប្រាក់កាស, ពេលវេលា និងសុវត្ថិភាពដល់អតិថិជន និងអ្នកលក់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយជំរុញសកម្មភាពពាណិជ្ជកម្ម ឲ្យកាន់តែផុសផុលឡើង ពិសេសការជំរុញទំនិញក្នុងស្រុក ឲ្យកាន់តែមានទីផ្សារទាំងក្នុង និងក្រៅប្រទេស»៕