(ភ្នំពេញ)៖ លោកស្រី កែ ឡេង ដែលត្រូវបានប្រសិទ្ធនាមថា ជាវីរកីឡាការិនីប៉េតង់ដៃឯកកម្ពុជា បានថ្លែងថា ចាប់តាំងពីប្រកបអាជីព ជាកីឡាការិនីប៉េតង់ ពោលតាំងពីឆ្នាំ១៩៩៧ មកទល់ដើមឆ្នាំ២០១៩នេះ លោកស្រីបានឈ្នះមេដាយ សរុបចំនួន៥៥មេដាយហើយ។
វីរកីឡាការិនីប៉េតង់កម្ពុជា បានថ្លែងបែបនេះក្នុងឱកាសដែល នាយកដ្ឋានអប់រំ និងកីឡា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការជ្រើសតាំងលោកស្រី ជាបេក្ខភាពនារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ។
ថ្លែងប្រាប់ Fresh News បន្ទាប់ពីសន្និសីទសារព័ត៌មាន លោកស្រី កែ ឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «តាំងពីឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០១៩នេះ គឺខ្ញុំទទួលបានមេដាយមាស២១ ដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ សរុបទាំងអស់៥៥មេដាយ»។
កីឡាការិនីវ័យ៥៧ឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមថា ក្រៅពីមេដាយដ៏ច្រើនខាងលើ លោកស្រីក៏តែងតែទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់ពេលត្រឡប់មកពីការប្រកួតផងដែរ ដែលនេះជាកត្តាជំរុញឱ្យលោកស្រី ត្រូវខិតខំប្រឹងស្វែងរកមេដាយជូនជាតិ ជាបន្តបន្ទាប់ទៀត។
គួរជម្រាបថា លោកស្រី កែ ឡេង ត្រូវបានជ្រើសរើសឱ្យឈរជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោក សម្រាប់ឆ្នាំ២០១៨ តំណាងឱ្យប្រទេសកម្ពុជា ដើម្បីប្រកួតតាមរយៈការបោះឆ្នោត Online ក្នុងចំណោមបេក្ខភាពជាច្រើននាក់ មកពីជុំវិញពិភពលោក។ លោកស្រី គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។
សូមគាំទ្របេក្ខភាពលោកស្រី កែ ឡេង ឱ្យឆ្លងផុតការជម្រុះជុំទី១ ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ តាមរយៈតំណរភ្ជាប់ ដូចតទៅ៖ ទី១៖ សូមចូលទៅកាន់៖ http://bit.ly/2QzVpD9 និងទី២៖ ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ registration ជាការស្រេច។
ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ (ជុំទី១) និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ (បញ្ចប់ជុំ)៕