(កំពង់ស្ពឺ)៖ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានចុះអង្កេតទីផ្សារចំនួន៣ទីតាំង គឺផ្សារព្រៃផ្តៅ, ផ្សារត្រពាំងអំពិល, ផ្សារសាមគ្គី និងហាងលក់ទំនិញនានាតាមផ្លូវជាតិលេខ៤ ចំនួន៩ហាង។
ក្នុងប្រតិបត្តិការនេះមន្ដ្រីជំនាញ បានត្រួតពិនិត្យភាពអនុលោមតាមបទដ្ឋានបច្ចេក ទេសលើផ្លាកសញ្ញា ផលិតផលវេចខ្ចប់ស្រេចក្នុងគោលដៅធានាដល់ ការប្រកួតប្រជែងពាណិជ្ជកម្ម ប្រកបដោយសមធម៌ និងកិច្ចការពារអ្នកប្រើប្រាស់ និងឲ្យអាជីវករសន្យាបញ្ឈប់ការលក់នំចំណី អាហារ វេចខ្ចប់ស្រាប់ ទាំងឡាយណាដែលមានសំបកវេចខ្ចប់មិនមានម៉ាក យីហោ អាសយដ្ឋាន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនឹងប្រឈមមុខ ការដកហូត និងទទួលខុសត្រូវតាមច្បាប់ជាធរមាន។
បន្ថែមពីនេះ មន្ដ្រីជំនាញបានពន្យល់ណែនាំដល់អាជីវករឲ្យយល់ដឹងអំពី ផលវិបាកនៃការប្រើប្រាស់សារធាតុគីមីហាម ឃាត់ ទៅលើផលិតផលម្ហូបអាហារឬការកែច្នៃ ម្ហូបអាហារ ដែលធ្វើអោយគ្រោះថ្នាក់ដល់សុខភាព។ យល់ដឹងពីលក្ខណៈអនាម័យ នៃការដាក់តាំងលក់ និងការទទួលខុសត្រូវចំពោះមុខច្បាប់ លើផ្នែកសុវត្ថិភាពម្ហូបអាហារ និងប្រុងប្រយ័ត្នជៀសវាងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងទំនិញក្លែងបន្លំ។
ជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើតេស្តបឋម នៅកន្លែងចំនួន១២គំរូ ក្នុងនោះរកសារធាតុគីមីបន្ថែម sodium hydrosolfit ម៉្សៅស លើទំនិញ៖ សណ្តែកបណ្តុះ, ស្ករត្នោត, ត្រយ៉ូងចេកហាន់ហើយ, ត្រកួនហាន់ហើយ។ រកសារធាតុគីមីបន្ថែម borax លើទំនិញ៖ ប្រហិតសាច់គោ, ប្រហិតសាច់មាន់, ប្រហិតសាច់ក្តាម, ប្រហិតសាច់ត្រី។ រកសារធាតុគីមីបន្ថែម fomarline លើទំនិញ៖ បង្គារស្រស់, មឹកស្រស់ និងបបែលស្រស់ ដែលជាលទ្ធផល ពុំបានរកឃើញសារធាតុគីមី បន្ថែមណាមួយទេ។
យ៉ាងណាមិញ ក្រុមការងារជំនាញ បានដកហូតទំនិញ បន្លែកំប៉ុងចម្រុះ ចំនួន៥កំប៉ុង ដែលកំប៉ុងកំពិត ច្រេះ, ត្រីខកំប៉ុង ចំនួន១កំប៉ុង (ហួសកាលបរិច្ឆេទប្រើប្រាស់), ទឹកផ្លែឈើចម្រុះ ចំនួន៣កំប៉ុង (កំប៉ុង កំពិត ច្រេះ), ឆៃពៅកំប៉ុង ចំនួន៤កំប៉ុង (ហួសកាលបរិច្ឆេទប្រើប្រាស់), ប័រកំប៉ុង ចំនួន១កំប៉ុង (ហួសកាលបរិច្ឆេទប្រើប្រាស់) និងនំបុ័ងជ្រុង ចំនួន៣ថង់ ដែលខូចគុណភាព៕