(ភ្នំពេញ)៖ កម្ពុជា-វៀតណាម ចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ក្រោយកិច្ចប្រជុំលើកទី១០ ស្តីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម នៅថ្ងៃទី០៩-១០ ខែមករា ឆ្នាំ២០១៩នេះ នាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយលោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្ដីប្រកាសរួមគ្នារវាងកម្ពុជា-វៀតណាម មានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖
*ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការថែរក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការបណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈជា ភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ យូរអង្វែង រវាងកម្ពុជា និងវៀតណាម
*ភាគីទាំងពីរបានវាយតំលៃខ្ពស់ ចំពោះការផ្លាស់ប្តូរដំណើរទស្សកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ
*ភាគីទាំងពីរបានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការកសាង ក្របខណ្ឌច្បាប់យ៉ាងសកម្ម និងដំណើរការគ្រប់យន្តការសហប្រតិបត្តិការនានា សំដៅបង្កលក្ខណងាយស្រួលដល់កិច្ចសហប្រតិបត្តិការរបស់ខេត្តជាប់ព្រំដែន ស្របទៅតាមទិសដៅដែលដាក់ចេញ នាកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
*ភាគីទាំងពីរបានវាយតំលៃខ្ពស់ អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ក្នុងការថែរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ និងគូសបញ្ជាក់សារជាថ្មីថា មិនអនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្ករាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេសម្ខាងទៀតឡើយ
*ភាគីទាំងពីរស្វាគមន៍យល់ព្រមដំឡើងកម្រិតច្រកទ្វាព្រំដែនម៉ឺនជ័យ (ខេត្តព្រៃវែង) តឹនណាម (ខេត្តតៃនិញ) ទៅជាច្រកទ្វាព្រំដែនអន្តរជាតិ និងសម្រេចឲ្យបានឆាប់នូវកិច្ចការត្រៀមរៀបចំនានា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលវេលាសមស្រប ក៏ដូចជាការបញ្ចប់បែបបទដំឡើងកម្រិត ច្រកទ្វារតំបន់ព្រំដែនបុសមន (ខេត្តស្វាយរៀង)-ភឿកតឺន (ខេត្តតៃនិញ) ទៅជាច្រកទ្វារព្រំដែនទ្វេភាគី
*ភាគីទាំងពីរ ក៏បានឯកភាពជំរុញកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនផងដែរ
*ភាគីទាំងពីរបានឯកភាពដាក់ចេញនូវទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ
*ចំពោះវិស័យសុខាភិបាល ភាគីទាំងពីរបានវាយតំលៃខ្ពស់ លើលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក
*ភាគីទាំងពីរបានវាយតំលៃខ្ពស់ លទ្ធផលកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងឃោសនារ
*ភាគីទាំងពីរបានឯកភាព រៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២០ខាងមុខ៕