(ភ្នំពេញ)៖ នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីការបោះឆ្នោតជ្រើសរើស លោកស្រី កែ ឡេង ជាកីឡាការិនីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨។
លោកស្រី កែ ឡេង ត្រូវបានជ្រើសរើស ឲ្យឈរជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោក សម្រាប់ឆ្នាំ២០១៨ តំណាងឲ្យប្រទេសកម្ពុជា ដើម្បីប្រកួតតាមរយៈការបោះឆ្នោត Online ក្នុងចំណោមបេក្ខភាពជាច្រើននាក់ មកពីជុំវិញពិភពលោក។ លោកស្រី គឺជាវីរកីឡាការិនីកម្ពុជា១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាននេះ, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីឲ្យបេក្ខភាពវីរកីឡាការិនី កែ ឡេង សម្រេចបានជោគជ័យ ជាកិត្តិយសសម្រាប់ជាតិកម្ពុជាដ៏ធំធេងនេះ។ លោកជឿជាក់ថា ការរួបរួមគ្នាច្បាស់ជាធ្វើឲ្យកម្ពុជា បានលើកទង់ជាតិលើឆាកអន្តរជាតិ ជាក់ជាមិនខានឡើយ។
ជាមួយគ្នានេះ លោកស្រី កែវ ឡេង បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលតែងតែគាំទ្រ និងផ្តល់ឱកាសឲ្យលោកស្រី បានបង្ហាញសមត្ថភាពលើការប្រកួត កម្រិតពិភពលោកជាច្រើន។ លោកស្រី ក៏បានជំរុញដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ប្រទេសជាតិផងដែរ។
សូមគាំទ្របេក្ខភាពលោកស្រី កែ ឡេង ឲ្យឆ្លងផុតការជម្រុះជុំទី១ ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ តាមរយៈតំណរភ្ជាប់ ដូចតទៅ៖ ទី១. សូមចូលទៅកាន់៖ http://bit.ly/2QzVpD9 ឬ www.theworldgames.org និងទី២. ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ registration ជាការស្រេច។
ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ (ជុំទី១) និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ (បញ្ចប់ជុំ)។
គួរជំរាបថា ជារៀងរាល់៤ឆ្នាំ សមាគមន៍ហ្គេមអន្តរជាតិពិភពលោក ដែលមានឈ្មោះកាត់ IWGA (International World Game Association) ត្រូវសម្រិតសម្រាំងអត្តពលិកឆ្នើម នៃកីឡាមិនអូឡាំពិក ដែលមានជាង៣០ប្រភេទកីឡា ក្នុងនោះមានកីឡាប៉េតង់ផងដែរ។ ប្រធានសហព័ន្ធអន្តរជាតិប៉េតង់ FIPJP បានស្នើលោកស្រី កែ ឡេង ជាបេក្ខនារីប៉េតង់ ដើម្បីឲ្យបោះឆ្នោតជ្រើសរើស ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
*ក្នុងឆ្នាំ២០១៣៖ លោកស្រី កែ ឡេង ទទួលបានមេដាយមាស ប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសបារាំង។
*ក្នុងឆ្នាំ២០១៥៖ លោកស្រី កែ ឡេង ទទួលបានមេដាយមាស ប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសថៃ ជាលើកទី២។
*ក្នុងឆ្នាំ២០១៧៖ លោកស្រី កែ ឡេង ទទួលបានមេដាយមាស ប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ នៅសាធារណរដ្ឋចិន ជាលើកទី៣។ នេះជាឯកទត្តកម្ម សម្រាប់លោកស្រី កែ ឡេង ដែលទទួលបានមេដាយមាស ៣លើកជាប់ៗគ្នា។
*លើសពីនេះទៅទៀត៖ ក្នុងឆ្នាំ២០១៨ ប្រទេសបារាំងបានរៀបចំឱ្យមានការប្រកួត ពានរង្វាន់កីឡាប៉េតង់ ក្នុងចំណោមប្រទេស ដែលខ្លាំងលើពិភពលោក។ ក្នុងការប្រកួតនេះលោកស្រី កែ ឡេង ដណ្តើមបានពានរង្វាន់ថ្នាក់លេខ១ លើវិញ្ញាសា០២នាក់ ទល់០២នាក់ និង០៣នាក់ ទល់០៣នាក់ ដោយយកឈ្នះកីឡាការិនី នៃប្រទេសខ្លាំង ដូចជាបារាំង ថៃ និងទុយនេស៉ី។
រួមផ្សំនឹងស្នាដៃចុងក្រោយនេះហើយ ដែលធ្វើឱ្យលោកប្រធាន Claude Azema សម្រេចស្នើឱ្យ លោកស្រី កែ ឡេង ឈរឈ្មោះជាបេក្ខនារីសម្រាប់ឱ្យគេបោះឆ្នោតជ្រើសជាកីឡាការិនី ប៉េតង់ឆ្នើមពិភពលោក សម្រាប់ឆ្នាំ២០១៨នេះតែម្តង៕