(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា អាជ្ញាធរខេត្តកំពង់ចាម គាំទ្រយ៉ាងពេញទំហឹងផ្នែកផ្លូវច្បាប់ ដល់អ្នកវិនិយោគ ដែលចូលមកវិនិយោគ នៅក្នុងខេត្តកំពង់ចាម។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក គួច ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ការរៀបចំសៀវភៅមគ្គុទេសក៍ ទេសចរណ៍ នៃការវិនិយោគ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងមានការចូលរួម ពីសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា និងអាជីវករ សហគ្រាស ក្នុងខេត្តកំពង់ចាម ដែលរៀបចំធ្វើឡើង នៅសាលប្រជុំតូចសាលា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ។
លោកអភិបាលខេត្ត បានថ្លែងថា ទាក់ទងទៅនិងការបម្រើសេវា អាជ្ញាធរខេត្តកំពង់ចាម មានការិយាល័យច្រកចេញចូលតែមួយ ចំនួន៣កន្លែងរួចមកហើយ ដើម្បីបំរើសេវា ដោយឡែកនៅក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ត និងបង្កើតច្រកចេញចូលតែមួយ ចំនួន៣កន្លែងទៀត ហើយនៅឆ្នាំ២០២០ខាងមុខ ច្រកចេញចូលតែមួយ និងបង្កើតគ្រប់ចំនួន១០ក្រុង-ស្រុក នៅក្នុងខេត្តកំពង់ចាមតែម្ដង។
លោក គួច ចំរើន បានបន្ដទៀតថា ខេត្តកំពង់ចាម គឺជាខេត្ត ដែលមានសក្តានុពលផ្នែកកម្លាំងពលកម្ម ដែលក្នុងនោះ មានប្រជាពលរដ្ឋប្រមាណ ជាជាង១លាននាក់។ បើតាមលោកអភិបាលខេត្ត នៅខេត្តខ្លះ សំបូររោងចក្រ តែជួបវិបត្តិខ្វះពលកម្ម ដោយឡែក នៅក្នុងខេត្តកំពង់ចាមវិញ កំពុងជួបវិបត្តិសល់ពលកម្ម។
លោកបានលើកឡើងថា ចំពោះបុរសបច្ចុប្បន្ននៅតាមបណ្ដារោងចក្រ គេមិនទទួលឲ្យធ្វើការទេ ពោលគឺគេយកតែស្ត្រីប៉ុណ្ណោះ ឲ្យចូលបម្រើការងារ ដែលប្រការនេះ បានធ្វើឲ្យកម្លាំងពលកម្ម ផ្នែកបុរសសល់យ៉ាងច្រើន អត់ការងារធ្វើ។ ហើយការសល់កម្លាំងពលកម្ម ផ្នែកបុរសយ៉ាងច្រើនដូច្នេះ អាចជាបច្ច័យនាំឲ្យកើតមានពួកគេ ទៅប្រើប្រាស់គ្រឿងញៀន ឬក៏ទៅប្រើអំពើហិង្សា ឬក៏ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ទៀតជាដើម។
លោកបន្ដថា ម្យ៉ាងទៀតប្រសិន បើខេត្តកំពង់ចាម មានរោងចក្រសហគ្រាសច្រើន ហើយម្ចាស់រោងចក្រ ប្ដូរឥរិយាបថទទួលយកកម្លាំងពលកម្មផ្នែកបុរស ឲ្យចូលបម្រើការងារនោះ ពួកគាត់ និងមានភារកិច្ចដែលត្រូវធ្វើ និងមានប្រាក់បៀវត្សចាយ ហើយបញ្ហាសង្គមផ្សេងៗ ក៏អាចមានការកាត់បន្ថយផងដែរ៕