(បន្ទាយមានជ័យ)៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងខេត្ត បានរកឃើញម្ចាស់ស្ថានីយ៍ចំនួន៣ទីតាំង មានការកេងបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់ និងបានបញ្ជូនម្ចាស់អាជីវកម្មទាំង៣ខាងលើ ទៅតុលាផងដែរ។
ការចុះត្រួតពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១០ ខែមករា ឆ្នាំ២០១៩ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្ត លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកាំកុងត្រូល កិច្ចការងារអ្នកប្រើប្រាស់ និងការបង្ក្រាបការក្លែងបន្លំ និងសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើលកន្លែងស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត ដោយមិនអប់រំទៀតទេ បើល្មើសបទដ្ឋានល្មើសច្បាប់បច្ចេកទេសគុណភាព និងបរិមាណលីត្រនឹងបញ្ជូនទៅតុលាការជាកំហិតផងដែរ។
លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា «មន្ត្រីជំនាញយើង បានសហការគ្នា ក្រុមបេសកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈដឹកនាំដោយលោក មាន ចំណាប់ ចុះផ្ទាល់នៅទីនេះ ដោយដឹកនាំបញ្ជាពីអគ្គនាយកាំកុងត្រូល និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យ និងស្រាវជ្រាវឃើញមានស្ថានីយ៍ប្រេងឥន្ធនៈខុស អនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់»។
លោកប្រធានបន្តថា ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ដោយជាលទ្ធផល នៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង១៧កន្លែង គឺមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ៣កន្លែង ដែលមានអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលម្តងហើយម្តងទៀត ដូច្នេះមន្ត្រីជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។
លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមានផងដែរ។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ សម្រាប់ខេត្តបន្ទាយមានជ័យមន្ត្រីជំនាញបានពិនិត្យតាម ដេប៉ូ ស្ថានីយប្រេងឥន្ធនៈរួមមាន៖ ដេប៉ូTELA កែវ គន្ធាស៊ូលីង ខុសតម្លៃ៣៤០០រៀល បន្លំសាំងធម្មតា បិតស្លាកស៊ុបពែ ក្រសួងពាណិជ្ជកម្មតម្លៃត្រឹមតែ ៣២០០រៀល, ដេប៉ូ LHR ១០០លីត្រ បាត៣.៨លីត្រ, ដេប៉ូ LHR បាត់៤លីត្រ ប្រេងធម្មតា១០០លីត្រ បាត់១.៧លីត្រ។
ស្ថានីយ៍ទាំងបីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាបំដូងខេត្តជាកំហិត ព្រោះកន្លងមកមន្ត្រីជំនាញយើង បានចុះពិនិត្យម្តងទៅពីរដងហើយ ដោយមិនរាងមន្ត្រីជំនាញមិនទុកឡើយ។ ចំពោះទីតាំងចំនួន១៣ទីតាំងនេះ មន្ត្រីជំនាញអប់រំបញ្ហាតម្លៃឲ្យសមស្របទៅតាមក្រសួងពាណិជ្ជកម្ម ដែលបានប្រកាសប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាក់ការតាមផ្លូវច្បាប់ដូចជាទីតាំងចំនួន៣ខាងលើនេះ ជាកំហិតផងដែរ៕