(ភ្នំពេញ)៖ ប្រជាជនកម្ពុជា៣នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជ្រើសរើស ដើម្បីទទួលបានរង្វាន់ធំ ៗ ដែលផ្តល់ជូនដោយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត តាមរយៈកម្មវិធីផ្ញើប្រាក់ ដើម្បីឈ្នះរង្វាន់ពីធនាគារឯកទេសវីង។
អ្នកឈ្នះរង្វាន់ធំទាំង៣នាក់ ត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោត ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ ដែលបានធ្វើឡើង នៅការិយាល័យកណ្តាល របស់ធនាគារឯកទេសវីង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។
អ្នកឈ្នះរង្វាន់ទាំងបីនាក់ ទទួលបានទឹកប្រាក់ ៣០០ ដុល្លារ, ៧០០ដុល្លារ និង ១,០០០ដុល្លារ ហើយពួកគាត់ស្ថិតក្នុងចំណោមអតិថិជន រាប់ពាន់នាក់ ដែលតែងតែផ្ញើប្រាក់ទៅកាន់សាច់ញាតិរបស់ពួកគេ នៅប្រទេសកម្ពុជា តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង រួមមាន៖ DeeMoney, GME, Gmoney Trans, Hanpass, KB Kookmin និង SBI ដែលស្ថិតនៅក្នុងប្រទេសថៃ និងកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្ម របស់ធនាគារឯកទេសវីង បានថ្លែងនៅក្នុងពិធីចាប់រង្វាន់នេះថា កម្មវិធីផ្ញើប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស របស់ធនាគារឯកទេសវីង គឺជាកម្មវិធីប្រូម៉ូសិនមួយ នៅក្នុងចំណោម កម្មវិធីប្រូម៉ូសិនជាច្រើន ដែលផ្តល់ជូនដោយធនាគារឯកទេសវីង ហើយវីង ពិតជាចង់បង្ហាញនូវសេចក្តីថ្លែងអំណរគុណ ទៅដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់អតិថិជនរបស់ពួកយើង ដែលបានចូលរួមនៅក្នុង កម្មវិធីប្រូម៉ូសិននេះ តាមរយៈការផ្ទេរប្រាក់ពីក្រៅប្រទេស មកកាន់អតិថិជនរបស់វីងនៅកម្ពុជា។
សេវាទទួលប្រាក់ពីក្រៅប្រទេស របស់ធនាគារឯកទេសវីង ត្រូវបានណែនាំកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា ដែលធ្វើចំណាកស្រុកកម្ពុជារាប់ពាន់នាក់ អាចផ្ញើប្រាក់មកកាន់កម្ពុជាបាន។ សេវានេះ បានជួយដោះស្រាយ នូវការព្រួយបារម្ភសម្រាប់ប្រជាពលករ ដែលធ្វើចំណាកស្រុក ដែលតែងតែធ្វើការផ្ញើប្រាក់ មកកាន់ក្រុមគ្រួសារនៅកម្ពុជា តាមមធ្យោបាយមិនផ្លូវការ ដែលជាទូទៅមានតម្លៃថ្លៃ និងមិនមានទំនុកចិត្ត។
សេវាផ្ទេរប្រាក់អន្តរជាតិ របស់ធនាគារឯកទេសវីង បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ ក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួល និងតម្លៃសមរម្យ ដើម្បីបង្កើនជីវភាព រស់នៅរបស់ពួកគេ។
ក្នុងកំឡុងពេលថ្មីៗនេះ ធនាគារឯកទេសវីង ទើបតែណែនាំនូវសេវាកម្ម «Wing2World» ដែលជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិ រួមមាន៖ សេវាទទួលប្រាក់ពីជាង២០០ប្រទេស និងសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់ ទៅកាន់ប្រទេស ហ្វីលីពីន និងវៀតណាមសម្រាប់ពេលបច្ចុប្បន្ន។
សេវាកម្មថ្មីនេះ ផ្តល់លទ្ធភាពដល់ប្រជាពលករចំណាកស្រុករាប់ពាន់នាក់ និងអ្នកទទួលផលរបស់ពួកគេ ក៏ដូចជាជនបរទេស ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា៕