(រតនគិរី)៖ សាខាកាំកុងត្រូលខេត្តរតនគិរី ដឹកនាំដោយលោក ហេង សាយ ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងក្រុមការងារមន្ត្រីមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចំណីអាហារមកត្រួតពិនិត្យទំនិញនៅមាត់ច្រកអន្តរជាតិអូយ៉ាដាវ និងផ្សារបានលុង ក្នុងខេត្តរតនគិរី។
លោក ហេង សាយ បានឲ្យដឹងថា ការត្រួតពិនិត្យនៅព្រំដែន មន្ត្រីជំនាញបាន សហការជាមួយស្ថាប័ន ពាក់ព័ន្ឋនៅមាត់ច្រក និងបានយកគំរូចំនួន១៨មុខ មកធ្វើការពិនិត្យរកសារធាតុគីមីហាមឃាត់ ។ ជាលទ្ធផល មន្ត្រីយើងបានរកឃើញនូវគំរូមួយមុខគឺម្ទេសគ្រាប់មានសារធាតុ ហាមឃាត់ កាកសំណល់ថ្នាំសំលាប់សត្វល្អិត ចំនួន៣គីឡូក្រាម ក្រុមការងារបានដកហូតយកមកទុកកំទេចចោល។
លោកប្រធានសាខា បានបន្តថា ចំពោះការត្រួតពិនិត្យលើទីផ្សារបានលុង មន្ត្រីជំនាញកាំកុងត្រូល បានយកគំរូចំនួន៣១មុខ ហើយជាលទ្ធផល មន្ត្រីយើងបានរកឃើញ២គំរូ គឺនំបាញ់ឌុក កន្លះគីឡូ និងមីសសៃលឿង១.៤គីឡូក្រាម ដែលមានផ្ទុកសារធាតុ ហាមឃាត់ Borax ហើយមន្ត្រីជំនាញបាន ដកហូតយកមកទុកកំទេចចោល។ ក្រៅពីពិនិត្យលើម្ហូបអាហារ មន្ត្រីជំនាញបានដកហូតទំនិញ ដែលហួសកាលបរិច្ឆេតរួមមាន ទឹកក្រូច, នំកញ្ចប់ និងស្រាបៀរ សរុបចំនួន17គីឡូក្រាម។
លោក ហេង សាយ ក៏បានណែនាំដល់អាជីករខាងលើ ហាមមិនអោយប្រើប្រាស់ នូវសារធាតុហាមឃាត់បន្តទៀតឡើយ បើពុំដូចដូច្នោះទេនិងត្រូវទទួលទោសតាមច្បាប់ ។ ជាមួយគ្នានោះ ក្រុមអាជីវករក៏បានសន្យានិងឈប់ប្រើប្រាស់ សារធាតុហាមឃាត់Borax តទៅទៀតដែរ៕