(ភ្នំពេញ)៖ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា (Y.P.C.W.R.F) និងសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីការណ៍មួយស្តីពី ការគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ បរិយាកាសវិនិយោគទូទៅមួយកាន់តែល្អប្រសើរ ធានាបាននូវសុខមាលភាពកម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅ។
លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានលើកឡើងនៅថ្ងៃពុធទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងកិច្ចសំណេះសំណាលជាមួយបងប្អូន កម្មករ-កម្មការិនី ប្រមាណ១៨២៧៣ នាក់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលសម្ដេចបានមានប្រសាសន៍យ៉ាងលម្អិត ក្នុងការពន្យល់ណែនាំបន្ថែមទៀតដល់បងប្អូនកម្មករ កម្មការិនី ពាក់ព័ន្ធនឹងការអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍នៃប្រកាសលេខ៤៤៣ ស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ឡុង សុផាត បានបន្តថា សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ប្រសាសន៍ពន្យល់ណែនាំដ៏មានសារសំខាន់នេះ បានធ្វើឱ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់
បានយល់ច្បាស់អំពីគោលការណ៍ច្បាប់ ត្រូវអនុវត្តដែលនាំឱ្យជៀសវាង បាននូវការទាមទារមិនសមស្របនានាក្រោមការញុះញង់របស់សហជីព និងជនខិលខូចមួយចំនួនតូច។
លោកបន្តទៀតថា ប្រសាសន៍របស់សម្ដេចនេះ ក៏បានលើកឡើងនូវកម្ពស់ស្មារតី និងជំនឿជឿជាក់របស់បងប្អូនកម្មករ កម្មការិនីលើការងាររបស់ពួកគាត់ លើម្ចាស់រោងចក្រសហគ្រាស និងរាជរដ្ឋាភិបាលផងដែរ។ បន្ថែមលើសពីនេះទៀត ចំណុចដ៏មានតម្លៃនេះបានបង្ហាញដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចជាប្រមុខដឹកនាំ នៃការបង្កើតឱ្យមានបរិយាកាសទូទៅមួយកាន់តែប្រសើរ។ និយាយរួម លើការធ្វើឱ្យមានសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈនិងសមភាពនៅកន្លែងការងារ។
ក្នុងនាមសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា សូមប្ដេជ្ញាគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នូវកិច្ចសហការគាំពារថែរក្សាអ្នកវិនិយោគឱ្យកាន់តែរឹងមាំបន្ថែមទៀត សំដៅធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ។
ទន្ទឹមនោះដែរ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ (V.K.Y.U.F) ក៏បានចេញសេចក្តីការណ៍មួយស្តីពីការគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អំពីការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ។ សេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារប្រហាក់ប្រហែល សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានគាំទ្រ។
ប្រសាសន៍ពន្យល់ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ថា មានសារសំខាន់នេះ បានធ្វើឱ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ បានយល់ច្បាស់អំពីគោលការណ៍ច្បាប់ ត្រូវអនុវត្តដែលនាំឱ្យជៀសវាង បាននូវការទាមទារ មិនសមស្របនានាក្រោមការញុះញង់របស់សហជីព និងជនខិលខូចមួយចំនួនតូច និងលើកកម្ពស់ស្មារតី និងជំនឿជឿជាក់របស់បងប្អូនកម្មករកម្មការិនី លើការងាររបស់ពួកគាត់ លើម្ចាស់រោងចក្រសហគ្រាស និងរាជរដ្ឋាភិបាលផងដែរ៕