(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានដាក់ចេញវិធានការសំខាន់ៗចំនួន៤ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ពាក់ព័ន្ធការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ការដាក់ចេញវិធានការនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញជាអធិតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី «របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា» នៅសណ្ឋាគារភ្នំពេញ។
ថ្លែងក្នុងកិច្ចពិភាក្សាលោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរណ៍ លំហូរវិនិយោគិន និងជាពិសេសកំលាំង នៃតម្រូវការផលិតផលកសិកម្មទាំងស្រស់ និងកែច្នៃរួច កំពុងតែមានសន្ទុះកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ហេតុដូច្នេះ និន្នាការនៃការអនុវត្ត «យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា» ពិតជាសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់តួអង្គពាក់ព័ន្ធសំខាន់ៗ៤ គឺអ្នកផលិត រួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសាធារណៈរបស់រដ្ឋ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមកនេះ ក្រសួង និងអង្គភាពក្រោមឱវាទ បាននិងកំពុងខិតខំអនុវត្តខ្លឹមសារនៃអនុក្រឹត្យស្តីពីការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា តាមរយៈការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលមន្ត្រីជំនាញ កសិករ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ ហើយសិក្ខាកាមបានទទួលបាននូវចំណេះដឹង ដូចជាអំណាចនៃការចរចាថ្លៃ លក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា ការចងក្រងប្រមូលផ្តុំគ្នាជាក្រុមផលិត និងការបង្កើតសហគមន៍កសិកម្មជាដើម។
លោកបន្តថា យល់ឃើញពីអត្ថប្រយោជន៍ នៃការអនុវត្តកិច្ចសន្យានេះ ក្នុងឆ្នាំ២០១៧ ក្រសួងបានជួយសម្របសម្រួលរៀបចំកិច្ចសន្យារវាងកសិករ និងក្រុមហ៊ុនបានចំនួន៦២កិច្ចសន្យា និង៩០កិច្ចសន្យាក្នុងឆ្នាំ២០១៨ ទៅលើប្រភេទផលិតផលស្រូវសេរីរាង្គ ស្រូវចំណី ដំឡូងមី ស្វាយ អំពៅស្ករ ផលិតផលសត្វនៅទូទាំងប្រទេស។ ក្រៅពីនេះ ក្រសួងក៏បានជួយរៀបចំចងក្រងសហគមន៍កសិកម្មបានចំនួន ៨៨០សហគមន៍ សហគមន៍ព្រៃឈើចំនួន ៦១៣ និងសហគមន៍នេសាទចំនួន ៥១៦សហគមន៍ ក្នុងនោះមានសហគមន៍មួយចំនួន កំពុងក្លាយទៅជាសហគមន៍គំរូ និងកសិធុរកិច្ច សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងខ្លះទៀតកំពុងត្រួវបានជំរុញ និងលើកទឹកចិត្តឲ្យធ្វើកសិកម្មចម្រុះ ទៅតាមស្ថានភាពជាក់ស្តែង កាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលធនធានធម្មជាតិដើម្បីជីវភាពប្រចាំ។
លោករដ្ឋមន្ត្រី វេង សាខុន បន្តថា ទោះបីជាយ៉ាងណា ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាការយល់ដឹងរបស់កសិករ និងភាគីពាក់ព័ន្ធនៅមានកម្រិត ការអនុវត្តអនុក្រឹត្យនេះ របស់មន្ត្រីជំនាញនៅមិនទាន់បានពេញលេញ និងការគាំទ្រពីអង្គភាពពាក់ព័ន្ធ ក៏នៅមានកម្រិតផងដែរ សហគមន៍កសិកម្មនៅខ្វះទុន ឥណទានមានការប្រាក់ខ្ពស់ ការសហកការពីវិស័យឯកជន និងអ្នកផលិតនៅមានភាពខ្វះខាត ដែលធ្វើឱ្យភាគីទាំងពីរបាត់បង់នូវជំនឿទុកចិត្ត។
ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមខាងលើ លោករដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីអនុវត្តបន្តដូចខាងក្រោម៖
១៖ ប្រគល់ភារកិច្ចជូន ប្រធានលេខាធិោការដ្ឋានក្នុងការចាត់ចែងរៀបចំសមាសភាពគណៈកម្មការបច្ចេកទេសអន្តរក្រសួងមួយជាបន្ទាន់ដើម្បី៖ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើលិខិតផ្ញើជូនទៅអភិបាលរាជធានី ខេត្ត បង្កើតអនុគណៈកម្មាធិការនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើការសម្របសម្រួលអនុវត្ត និងការដោះស្រាយវិវាទ នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា រៀបចំព្រាងសរាចរណ៍ណែនាំមួយដាក់ ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខា ដើម្បីផ្តល់លទ្ធភាពដល់គណៈកម្មការបច្ចេកទេស និងអនុគណៈកម្មាធិការក្នុងការអនុវត្តន៍។
២៖ ប្រគល់ភារកិច្ចជូន អគ្គនាយកដ្ឋានកសិកម្ម ដើម្បីធ្វើការជាមួយសហភាពសហគមន៍កសិកម្ម ក្នុងលប់បំបាត់ការយកកម្រៃ ពីសហគមន៍តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។
៣៖ ប្រគល់ភារកិច្ចជូនសភាពណិជ្ជកម្មកម្ពុជា ក្នុងការសម្របសម្រួលជាមួយអគ្គពន្ធដារបញ្ឈប់ការយក VAT ពីការដឹកជញ្ជូនស្រូវរបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនពីសហគមន៍មកកាន់ឃ្លាំងស្តុករបស់ក្រុមហ៊ុន។
៤៖ ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន ធ្វើការរៀបចំប្រជុំគណៈកម្មាធិការឲ្យបាន៣ខែម្តង ដើម្បីធ្វើការតាមដានពីវឌ្ឍនភាព និងបញ្ហាឈម លើការងារដែលបានអនុវត្តន៍៕