(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានចេញញត្ដិគាំទ្រ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើង អំពីការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៩ ខែមករា ម្សិលមិញនេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាព ចុះជួបសំណេះសំណាល ជាមួយមួយកម្មករ កម្មការិនី នៅក្នុងខេត្តតាកែវ សម្តេចបានមានប្រសាសន៍ អំពាវនាវដល់សហជីព ដែលកំពុងធ្វើចលនា ឲ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឲ្យរោងចក្រ ប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រ កាលពីពេលមុនគឺអនុវត្តន៍តាមច្បាប់ចាស់ មិនមែនអនុវត្តន៍តាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែរោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួកគេផងដែរ៕