Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេញមួយឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូល មិនបានរកឃើញសារធាតុគីមី លើបន្លែផ្លែឈើ នាំចូលតាមច្រកទ្វាអន្តរជាតិភ្នំដិន ក្នុងខេត្តតាកែវ នោះទេ

10-01-2019 14:36

(តាកែវ)៖ នៅក្នុងរយៈពេល ពេញមួយឆ្នាំ២០១៨កន្លងមក ការនាំចូលបន្លែផ្លែឈើតាមច្រកទ្វាអន្តរជាតិភ្នំដិន ដែលមានចំនួនជិត៣ពាន់តោន ត្រូវបានមន្រ្តីកាំកុងត្រូល ដែលប្រចាំការនៅទីនោះ រួមនិងរថយន្ត ពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើតេស្តរកសាធាតុគីមី និងសំណល់ថ្នាំសំលាប់ល្អិត នៅលើបន្លែផ្លែឈើទាំងអស់នោះ ក៏ប៉ុន្តែជាលទ្ធផលមន្រ្តីជំនាញ មិនបានរកឃើញសាធាតុគីមី នៅលើបន្លែផ្លែឈើ ដែលនាំចូលពីប្រទេសវៀតណាមនោះទេ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា បន្លែ ផ្លែឈើចម្រុះដែលនាំចូល ពីប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិភ្នំដិន រួមមាន៖ ស្ពៃបូកគោ សណ្តែកបារាំង ជីរណា ផ្លែសារី ប៉ោម ម្ទេសប្លោក មើមឆៃថាវ ការ៉ុត ខាត់ណា ផ្លែជំពូ ផ្លែមាន ស្លឹកកាឆាយ ចាដើម។

លោកបានបន្ថែមថា «រាល់បន្លែផ្លែឈើ ដែលនាំចូលត្រូវបានមន្រ្តីជំនាញកាំកុងត្រូល ធ្វើការត្រួតពិនិត្យជាប់ជាប្រចាំ ហើយរថយន្តពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូល ក៏តែងតែចុះមកត្រូតពិនិត្យផងដែរ ដើម្បីស្វែងរកសារធាតុគីមី ឬសំណល់ថ្នាំសំលាប់សត្វល្អិត នៅលើបន្លែផ្លែឈើទាំងអស់នោះ តែជាលទ្ធផលរាល់បន្លែផ្លែឈើ ដែលនាំចូលមកកាន់ទីផ្សារកម្ពុជា តាមច្រកទ្វានេះ គឺយើងមិនបានរកឃើញមាន សារធាតុគីមីនោះទេ»

លោក ប៉ោ លាងគង់ បានបន្តថា «កាលពីឆ្នាំ២០១៧កន្លងមក បន្លែមួយចំនួនរួមមាន៖ ស្លិកកាឆាយ ស្លិកខ្ទឹម និងផ្លែម្ទេស ត្រូវបានមន្រ្តីកាំកុងត្រូល ហាមឃាត់មិនឲ្យធ្វើការនាំចូល មកកាន់ទីផ្សារប្រទេសកម្ពុជា ដោយសារតែ យើងបានធ្វើតេស្តរកឃើញ មានសំណល់ថ្នាំសំលាប់សត្វល្អិត នៅលើបន្លែទាំងអស់នោះ ក៏ប៉ុន្តែក្រោយមកយើងពិនិត្យ មិនឃើញមានសំណល់ថ្នាំសំលាប់ល្អិតទៀតនោះទេ ទើបយើងអនុញ្ញាតឲ្យនាំចូលជាធម្មតាឡើងវិញ»

បើតាមលោក ប៉ោ លាងគង់ មន្រ្តីកាំកុងត្រូល និងបន្តត្រួតពិនិត្យ ឲ្យបានជាប់ជាប្រចាំរាល់បន្លែផ្លែឈើ ដែលនាំចូលពីបរទេស តាមច្រកទ្វាអន្តរជាតិភ្នំដិន និងធ្វើការទប់ស្កាត់ឲ្យបានជាដាច់ខាត រាល់បន្លែផ្លែឈើ ដែលផ្ទុកសាធាតុគីមី ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕

http://image.freshnewsasia.com/2018/117/fn-2019-01-10-14-36-19-0.JPG http://image.freshnewsasia.com/2018/117/fn-2019-01-10-14-36-21-1.JPG