(ភ្នំពេញ)៖ កាលពីដើមខែធ្នូ ឆ្នាំ២០១៨ មានយុវជនជប៉ុនម្នាក់ បានបង្ហាញក្តីស្រឡាញ់ដល់បងប្អូនខ្មែរ ដោយសំដែងកាយវិការឱប ដែលក្នុងដៃលោកមានកាន់បដាសរសេរថា «ឱបដោយសេរី ដើម្បីសន្តិភាព» នៅម្តុំព្រះបរមរាជវាំង។ សកម្មភាពបែបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍គ្រប់គ្នា ព្រោះវាបានបង្ហាញពីការស្រឡាញ់គ្នា ក្នុងនាមជាមនុស្សជាតិតែមួយ។
យុវជនជប៉ុនម្នាក់នោះ មានឈ្មោះថា Koichi Kuwabara ហើយវីដេអូរបស់គាត់ ត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាយ៉ាងច្រើន។ តាមរយៈវីដេអូនេះ បានបង្ហាញថា មានបងប្អូនខ្មែរជាច្រើន ទាំងក្មេងចាស់ប្រុសស្រី បាននាំគ្នាមកឱបយុវជនម្នាក់នោះ ដោយក្តីគោរពស្រឡាញ់រាប់អាន។
ថ្មីៗនេះ លោក Koichi Kuwabara បានចេញវីដេអូថ្មីមួយទៀត ថ្លែងអំណរគុណប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រសកម្មភាពគាត់ ដោយបានរៀបរាប់ថា កម្ពុជាពោរពេញទៅដោយក្ដីស្រឡាញ់ មិនមែនដូចជាអ្វី ដែលជនជាតិដទៃនិយាយនោះទេ។
លោកបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាសេចក្ដីស្រឡាញ់ពេញលេញ នៃប្រទេសជប៉ុន ព្រោះថាសូម្បីតែរូបិយបណ្ណប្រាក់រៀលខ្មែរ ក៏មានទង់ជាតិប្រទេសជប៉ុនផងដែរ ដែលបានបង្ហាញពី ការស្រឡាញ់ និងអរគុណចំពោះជនជាតិជប៉ុន។
ខាងក្រោមនេះ គឺជាវីដេអូ ដែលបង្ហាញពីសកម្មភាពដ៏ប្រពៃរបស់យុវជន Koichi Kuwabara៖
https://www.facebook.com/freehugs4peace/videos/578711825918532/?t=2
https://www.facebook.com/freehugs4peace/videos/748123325562650/?t=30