(ស្ទឹងត្រែង)៖ លោក យ៉ុង សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងជម្រុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះបញ្ហាគ្រឿងញៀន ដែលជាឧក្រិដ្ឋកម្មឆ្លងដែន ដែលអាចបង្កគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋ រួមនឹងគ្រួសារ ព្រមទាំងសហគមន៍ និងសង្គមជាតិ។
លោក យ៉ុង សុវឌ្ឍនា បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០១៩ របស់លេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយត្រី សាន់ និមល ស្នងការរងនគបាលខេត្តស្ទឹងត្រែង រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោក យ៉ុង សុវឌ្ឍនា បានថ្លែងកោតសរសើរចំពោះការចូលរួមសហការ និងការខិតខំប្រឹងប្រែងបង្ក្រាប បទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ទទួលបាននូវលទ្ធផលល្អ ពិសេសបានយកចិត្តទុកដាក់ សហការគ្នាផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា ឲ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន។
លោកលើកឡើងបន្តថា បញ្ហាគ្រឿងញៀន គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលអាចបង្កគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋ រួមនឹងគ្រួសារព្រមទាំងសហគមន៍ និងសង្គមជាតិ។ លោកថា ខេត្តស្ទឹងត្រែងជាខេត្ត ដែលរងគ្រោះដោយឧក្រិដ្ឋជន បាននាំនូវសារធាតុញៀនឆ្លងកាត់ ដោយនាំយកមកពីតំបន់ត្រីកោណមាស មកតាមព្រំដែនឡាវ ដែលទាំងនេះអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្គ្រាប និងទប់ស្កាត់។
លោកឧត្តមសេនីយត្រី សាន់ និមល បានឲ្យដឹងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានលោក ម៉ុម សារឿន អភិបាលខេត្តជាប្រធាន និងលេខាធិការរដ្ឋានត្រួតពិនិត្យ គ្រឿងញៀនខេត្ត បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង សហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាក់ស្តែង ក្នុងឆ្នាំ២០១៨កន្លងទៅ គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានសហការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនចំនួន ៥៦ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១៤នាក់ ស្រី៨នាក់ ក្នុងនោះមានជនជាតិខ្មែរ ១០៧នាក់ ស្រី៨នាក់ ជនជាតិឡាវ៥នាក់ ជនជាតិវៀតណាម២នាក់ ហើយជនសង្ស័យទាំងនេះ ត្រូវបានកសាង និងបញ្ជូនសំណុំរឿងទៅអយ្យការ អមសាលាដំបូងខេត្តរួចរាល់ហើយ។
ករណីបង្ក្រាបគ្រឿងញៀនក្នុងឆ្នាំ២០១៨កន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធបង្គ្រាបបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅថ្លាពណ៌ស ទម្ងន់ ១៦៤០៧៤,៣៨ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន ១១៩៩៥គ្រាប់ ថ្នាំញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ២២.៨៥៧,៨២ក្រាម រួមទាំងបានរឹបអូសទ្រព្យសម្បត្តិ មួយចំនួនធំផងដែរ ពីការបង្កា្របលើករណីគ្រឿងញៀននេះ៕