(ភ្នំពេញ)៖ ឱកាសការងារ ចំនួន១,០៦៧កន្លែង ពីក្រុមហ៊ុនដ៏ល្បីចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដែលមានក្រុមហ៊ុនចូលរួមដូចជា៖ ក្រុមហ៊ុន ONLINE, Mekongnet, PSE ដើម្បីភាពញញឹមនៃកុមារ, Grand China Life Insurance PLC., almondgroup, Baby Outlet, BDlink, CHIP MONG GROUP, ធនាគារ AEON, និងមីក្រូហិរញ្ញវត្ថុចម្រើន នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
សម្រាប់សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាង មកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយ ការចំណាយសម្រាប់យុវជន អ្នកស្វែងរកការងារក្នុងការ ដាក់ពាក្យស្វែងរកការងារក្នុងប្រទេស ក៏ដូចជានិយោជក ដែលត្រូវការជ្រើសរើសបុគ្គលិកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសការងារ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ និងខេត្ត។
អាស្រ័យហេតុនេះ សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើស កម្លាំងពលកម្មអាចទទួល បានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ។
សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕